ដាក់របាំងថ្មបិទឃាំងផ្លូវកំពុងជួសជុល មិនដាក់ភ្លើងសញ្ញាពេលយប់ ម៉ូតូបោលបុកពេញទំហឹងស្លាប់និងរបួសធ្ងន់៤នាក់
ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងយុវជន៣នាក់ទៀត រងរបួសធ្ងន់ ខណៈដែលពួកគេជិះម៉ូតូឌុបគ្នាបោះពួយយ៉ាងលឿនបោលទៅបុករបាំងថ្ម បិទឃាំងផ្លូវកំពុងជួសជុល ដោយមិនមានដាក់ភ្លើងសញ្ញានៅពេលយប់នោះ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះ ដែលស្លាប់ មានឈ្មោះ កែវ ម៉េងគង់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ដកណ្ដាល។ ចំណែកជនរងគ្រោះ៣នាក់ទៀត មិនបានស្គាល់អត្ដសញ្ញាណទេ ព្រោះរថយន្ដដឹកទៅសង្គ្រោះភ្លាមៗ។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជន៤នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ក្រហម បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដោយមិនមានការប្រុងប្រយ័ត្នបណ្ដាលឲ្យបុករបាំងថ្ម ដែលក្រុមហ៊ុនធ្វើផ្លូវស្ទូចដាក់បាំងផ្លូវកំពុងជួសជុល ធ្វើឲ្យបោកក្បាលស្លាប់ម្នាក់ និង៣នាក់ទៀត រងរបួសធ្ងន់ ត្រូវរថយន្ដដឹកយកទៅសង្គ្រោះភ្លាមៗ។ចំណែកសាកសព ត្រូវបានរថយន្តរបស់គ្លីនិកឯកជន ដឹកយកទៅតម្កល់នៅវត្ដទឹកថ្លា រង់ចាំបងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។
សម្រាប់ករណីនេះ ពលរដ្ឋសូមឲ្យក្រុមហ៊ុនជួសជុលផ្លូ ពេលដាក់របាំថ្មបាំងផ្លូវរួច សូមមេត្តាដាក់ភ្លើងសញ្ញាផង ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ ព្រោះផ្លូវខាងលើនេះ មិនទាន់មានភ្លើងបំភ្លឺផ្លូវទេ ដែលងាយបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាស់ ។ជាក់ស្តែងដូចករណីខាងលើបង្ហាញស្រាប់ ការធ្វេសប្រហែសរបស់ក្រុមហ៊ុនបានធ្វើអោយប្រជាពលរដ្ឋស្លាប់បែបនេះ៕