ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូសភាប្រទេសជាសមាជិកអាយប៉ា ចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំកំពូលអាស៊ាន និងអាយប៉ា នៅរាជធានីភ្នំពេញ

43

 

ភ្នំពេញ៖ គណៈប្រតិភូសភានៃបណ្ដាប្រទេសជាសមាជិកអាយប៉ាចំនួន៧ប្រទេស បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្ដបន្ទាប់ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំកំពូលអាស៊ាន និងអាយប៉ា នៅសណ្ឋាគារកាំឌីយ៉ាណា
រាជធានីភ្នំពេញ។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុ ប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា ដែលដឹកនាំកិច្ចប្រជុំនេះថ្លែងថា សម្រាប់កិច្ចប្រជុំទល់មុខរវាងប្រមុខអាស៊ាន អាយប៉ា គឺដើម្បីនាំយកនូវធាតុចូល ដែលជាទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ ដឹកនាំអាស៊ាន។ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា ក៏បានស្នើចំពោះកិច្ចប្រជុំ ដើម្បីចាត់តាំងឯកឧត្ដមប្រធានរដ្ឋសភាថៃ និងឯកឧត្ដមប្រធានរដ្ឋសភាហ្វីលីពីន គឺជាវាគ្មិនដែលនឹងត្រូវផ្ដល់អនុសាសន៍នៅក្នុងកិច្ចប្រជុំទល់មុខជាមួយប្រមុខអាស៊ាន នាវេលារសៀលថ្ងៃនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបន្តក៏បានជំរាបជូនថាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា) នាកិច្ច ប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (40th-41st ASEAN Summit) ដែលនឹងប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី នៅសណ្ឋាគារសុខាភ្នំពេញ។
សូមបញ្ជាក់ថាគណៈ ប្រតិភូសភានៃបណ្ដាប្រទេសសមាជិកអាយប៉ា ដែលបានចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា នោះ រួមមាន៖ គណៈប្រតិភូសភានៃប្រទេសព្រុយណេដារូស្សា ឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង