ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលចិន ជួយជួសជុលប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ

83

 

សៀមរាប ៖ ពិធីប្រគល់ទទួលគម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ បានប្រព្រឹត្តទៅនៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមលី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកជំទាវ ខែក កែមាលីស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងអភិបាលខេត្តសៀមរាប អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូបទៀត។

ក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាការរីកចម្រើននិងការវិវត្តន៍ឈានឡើងរបស់កម្ពុជាពិតជាមិនអាចកាត់ផ្ដាច់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជាចិនដ៏ស្អិតរមួត ជាពិសេសជំនួយហិរញ្ញប្បទានឥតសំណង ឥណទានឥតការប្រាក់ និងឥណទានសម្បទានក្នុងវិស័យសំខាន់ៗជាច្រើនរួមនិងការផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ផងដែរ។
សាធារណរដ្ឋប្រជាមានិតចិនក៏បានជួយកម្ពុជាក្នុងការថែរក្សាសិល្បៈវប្បធម៌និងអត្តសញ្ញាណជាតិរបស់ខ្លួនតាមរយៈកម្មវិធីនិងគម្រោងអភិរក្សជួសជុលស្រាវជ្រាវបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសម្បត្តិវប្បធម៌និងអរិយធម៌នៅរមណីយដ្ឋានអង្គរតាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន។ ជាក់ស្ដែងប្រាសាទតាកែវត្រូវបានចាប់ផ្ដើមជួសជុលក្នុងឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិកាចំនួន ៤០លានយន់ ប្រាសាទចៅសាយទេវតាត្រូវបានចាប់ផ្ដើមជួសជុលក្នុងឆ្នាំ២០០០ និងបញ្ចប់ក្នុងឆ្នាំ ២០០៨ ប្រើប្រាស់ថវិកាចំនួន ១៤លានយន់ បច្ចុប្បន្នយើងកំពុងសិក្សាគម្រោងជួសជុលព្រះបរមរាជវាំងអង្គរធំដែលគ្រោងនឹងចំណាយរយៈពេល ១០ឆ្នាំពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៩ ប្រើប្រាស់ថវិកា ៩០លានយន់។ ថ្មីៗនេះអាជ្ញាធរជាតិអប្សរាក៏ទើបទទួលបានមូលនិធិពិសេសចំនួន ៣៧៩,៤០០ដុល្លារអាមេរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងសម្រាប់រយៈពេល ២ឆ្នាំដែលនឹងត្រូវអនុវត្តនៅចុងឆ្នាំ២០២២ នេះដើម្បីអភិរក្សនិងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា។
ក្រៅពីនេះប្រទេសចិនក៏ជាសហប្រធានជាមួយប្រទេសឥណ្ឌានៃICC-ព្រះវិហារ ដោយការសិក្សានៃគម្រោងអភិរក្សនិងជួសជុលគោបុរះទី១ ទី២ និងទី៣ ដែលភាគីចិនកំពុងសិក្សាយ៉ាងល្អិតល្អន់ដើម្បីរួមចំណែក ក្នុងការរក្សាការពារប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយទៀតបន្ទាប់ពីរមណីយដ្ឋានអង្គរ។ ក្រៅពីកិច្ចការអភិរក្សទាំងអស់នេះស្ថាប័នសាធារណៈនិងឯកជនចិនផ្សេងទៀត ក៏បានរួមចំណែកក្នុងការងារអភិរក្សផ្សព្វផ្សាយនិងលើកតម្លៃបេតិកភណ្ឌវប្បធម៌កម្ពុជាផងដែរ។ ដោយឡែកពិធីប្រគល់ទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវនាពេលនេះ គឺជាសក្ខីភាពដ៏ជាក់ស្ដែង និងជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការអមតៈ រវាងប្រជាជាតិនៃប្រទេសទាំងពីរកម្ពុជាចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញពីគោលជំហរថារាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់ដោយឥតលក្ខខណ្ឌ និងគ្មានភាពស្រពេចស្រពិលនូវ”នយោបាយចិនតែមួយ “ក៏ដូចជាគាំទ្រយ៉ាងពេញទំហឹងនូវ”គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ” របស់រដ្ឋាភិបាលចិននៅលើគ្រប់វេទិកាតំបន់និងអន្តរជាតិ ពិសេសរួមគ្នាកសាង “សហគមន៍តែមួយ ជោគវាសនាតែមួយដើម្បីមនុស្សជាតិ”។

ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា មិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា គឺមានមូលដ្ឋានគ្រឹះដ៏រឹងមាំដោយប្រជាជន នៃប្រទេសទាំងពីរមានការផ្លាស់ប្ដូរវប្បធម៌ យ៉ាងជិតស្និទ្ធបំផុតដែលនេះ ជាមូលដ្ឋានដ៏មានអត្ថន័យ សម្រាប់កិច្ចសហប្រតិបត្តិការ និងចំណងមេត្រីភាពរវាងប្រទេសទាំងពីរ។ ចិននិងកម្ពុជា គឺសុទ្ធតែជាប្រទេស ដែលមានអរិយធម៌រុងរឿងតាំងពីយូរលង់ណាស់មកហើយ ហើយកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នាពេលនេះគឺអាស្រ័យលើប្រជាជននៃប្រទេសទាំងពីរ មានការផ្លាស់ប្ដូរវប្បធម៌ភាសាគ្នា ទៅវិញទៅមកក្នុងបរិយាកាសដែលបច្ចុប្បន្នពិភពលោក កំពុងមានសេដ្ឋកិច្ចនិងសភាពការណ៍ស្មុគស្មាញ ហើយសង្វាក់ផលិតកម្ម គឺត្រូវមានការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ទើបទាមទារឲ្យមានការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម លី ខឺឈាង បានបញ្ជាក់ថា ដោយមើលឃើញថារមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ បង្ហាញឲ្យឃើញពីភាពរុងរឿង ដ៏អស្ចារ្យក៏ដូចជា មោទនភាពរបស់ប្រជាជាតិកម្ពុជានោះ ដូច្នេះហើយទើបពេលនេះប្រទេសចិន ក៏បានជួយជួសជុលប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលនេះជាលើកទី២ ក្រោមក្របខណ្ឌUNESCO បានជួយដល់ប្រទេសកម្ពុជា ហើយឯកឧត្តមយល់ឃើញថា គម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវ នឹងផ្ដល់ផលប្រយោជន៍ដល់កម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ព្រមទាំងការផ្លាស់ប្ដូរវប្បធម៌អរិយធម៌ រវាងបណ្ដាប្រទេសនីមួយៗ នៅលើពិភពលោកផងដែរ។

ឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា នឹងរួមចំណែកធ្វើឱ្យរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ក៏ដូចជាជួយជំរុញដល់ប្រជាជននៃប្រទេសទាំងពីរ បានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀត អំពីវប្បធម៌នៃប្រទេសទាំងពីរកម្ពុជាចិន៕

អត្ថបទដែលជាប់ទាក់ទង