ខឹងសង្សារបែកចិត្តទស្រឡាញ់ភេទដូចគ្នាទ្រាំទ្រលែងបាន លួចដុតផ្ទះ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានខឹងសង្សាររបស់ខ្លួន បែកចិត្តទៅស្រឡាញ់ស្រីដូចគ្នា នាំគ្នាដើរលេងរាល់យប់ ក៏យកដបសាំងទៅដុតផ្ទះសង្សាររបស់ខ្លួន។ ហើយត្រូវឃាត់ខ្លួន កាលពីម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលគ្មានលេខផ្លូវលំ ក្រុម១០ស្ថិតក្នុងភូមិសាមគ្គីសង្កាត់ ខណ្ឌឫស្សីកែវ។
ជនសង្ស័យឈ្មោះ នឿន គង្គា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ។ ចំណែកម្ចាស់ផ្ទះឈ្មោះ អ៊ុន គ្រួច ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចផ្ទះគ្មានលេខផ្លូវលំ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ។ នៅម៉ោង១០និង៤០យប់ថ្ងៃទី៩ កញ្ញា នៅចំណុចផ្ទះជនរងគ្រោះខាងលើមានអគ្គីមួយកើតឡើង នៅចំមាត់ទ្វារផ្ទះ បន្ទាប់មកម្ចាស់ផ្ទះ និងប្រជាពលរដ្ឋជិតខាង មានការភ្ញាក់ផ្អើលក៏នាំគ្នាជួយពន្លត់ភ្លើងទាន់ពេល។ ក្រោយមកជនរងគ្រោះ មានការសង្ស័យថា មានគេលួចដុត ព្រោះឃើញកម្ទេចដបទឹកសុទ្ធដែលគេច្រកសាំងនៅកន្លែងកើតហេតុ ក៏ឆែកកាមេរ៉ាសុវត្ថិភាព ស្រាប់តែស្គាល់មុខជនសង្ស័យដែលធ្វើសកម្មភាពដុតផ្ទះនោះតែម្តង។ លុះដល់ថ្ងៃទី២៩ កញ្ញា ជនរងគ្រោះឃើញជនសង្ស័យ នៅចំណុចផ្ទះជួលគ្មានលេខផ្លូវលំ ក្រុម១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ពិតជាបានយកដបសាំងទៅដុតផ្ទះជនរងគ្រោះមែន ដោយសារខឹងនឹងកូនម្ចាស់ផ្ទះឈ្មោះស្រីអូន ដែលជាសង្សាររបស់ខ្លួន បានប្រែចិត្តទៅស្រឡាញ់ស្រីដូចគ្នា និងនាំគ្នាដើរលេងរាល់យប់។ ដោយសារតែភ្លើងប្រច័ណ្ឌក៏ទៅចាក់សាំងដុតផ្ទះនោះចោល៕