ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្ដីក្រសួងកសិកម្ម លើកឡើងពីកត្តាហានិភ័យ និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ថ្នាំ និងជីកសិកម្ម

422

សៀមរាប៖ លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយពីកត្តាហានិភ័យ និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ និងស្នើសូមបងប្អូនទាំងអស់ ប្រើប្រាស់ទៅតាមកាលកំណត់នីមួយៗដែល ធ្វើឡើងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពេលបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការងារធាតុ ចូលសម្ភារៈកសិកម្មនីតិកម្ម។

លោក វេង សាខុន បានបញ្ជាក់ថា កិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការធ្វើអាជីវកម្ម ការប្រើប្រាស់ធាតុចូលសម្ភារៈកសិកម្ម បញ្ហាប្រឈម និងលើកកម្ពស់ អភិបាលកិច្ចក្នុងការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីជំនាញ ពង្រឹងសមត្ថភាពត្រួតពិនិត្យ ការធ្វើអាជីវកម្មខុសច្បាស់ ការប្រើប្រាស់ ការថែរក្សាទុកដាក់ខុសបច្ចេកទេស ដែលនាំឲ្យប៉ះពាល់ដល់គុណភាពកសិផល គុណភាពដី ទឹក សុខភាពអ្នកប្រើប្រាស់ និងអ្នកបរិភោគ។

លោករដ្ឋមន្រ្តីបានថ្លែងថា បច្ចុប្បន្នតម្រូវការនៃការប្រើប្រាស់ជី និងថ្នាំកសិកម្មមានកំណើន គួរឱ្យកត់សម្គាល់ស្របពេលដែល ដំណាំកសិឧស្សាហកម្ម ដូចជាដំឡូងមី ម្រេច កៅស៊ូ ស្រូវ ពោត សណ្តែក ស្វាយចន្ទីជាដើម កំពុងមានការរីកចម្រើន ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោករដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបានផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹង ជាសាធារណៈអំពីសារប្រយោជន៍ និងហានិភ័យនៃធាតុចូលកសិកម្ម ការគ្រប់គ្រងថ្នាំ និងជីកសិកម្មដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់ នៅតាមរាជធានី-ខេត្តក៏ត្រូវបានពង្រឹងផងដែរ។

លោករដ្ឋមន្រ្តី ក៏ទទួលស្គាល់នូវការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម (នាំចូល លាយផ្សំ វេចខ្ចប់ លក់ចែកចាយ) និងការប្រើប្រាស់នៅតែជួប បញ្ហាប្រឈមមួយចំនួនដូចជា ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់ ចរាចរលើទីផ្សារដោយគ្មាន ការធានាគុណភាព ហើយស្លាកសញ្ញាព័ត៌មានជាភាសាបរទេស។ ជីកសិកម្មមួយចំនួន ត្រូវបានក្លែងបន្លំគុណភាព ក្លែងសំបកវេចខ្ចប់ ហួសសុពលភាព។ ការបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ ការថែរក្សាទុកដាក់ ការការពារសុវត្ថិភាពផ្ទាល់ខ្លួន ការយល់ដឹងពីឥទ្ធិពលរបស់ថ្នាំ និងជីកសិកម្ម ហានិភ័យ គុណភាព និងប្រសិទ្ធភាពនៃធាតុចូលទាំងនោះ ទៅតាមប្រភេទដី ប្រភេទដំណាំ ដំណាក់កាលលូតលាស់របស់ដំណាំនៅមានកំរិត។

លោកវេង សាខុន បានស្នើឲ្យដោះស្រាយបញ្ហាប្រឈម ក៏ដូចជាការអនុវត្តច្បាប់ស្ដី ពីការគ្រប់គ្រងថ្នាំ និងជីកសិកម្ម ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពសាធារណៈ។ លោកបានជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់លើការធ្វើអាជីវ-កម្មគ្រប់រូបភាព ត្រួតពិនិត្យលើបមាណីយគុណភាពផលិតផល ស្លាកសញ្ញាព័ត៌មាន និងប្រភពដើមស្របច្បាប់ នៃផលិតផលនាំចូល និងចរាចរលើទីផ្សារ។ បន្ដពង្រឹងសមត្ថភាព មន្ទីរពិសោធន៍ជី និងថ្នាំកសិកម្មដើម្បីធានាគុណភាព ផលិតផលពិត គ្មានការក្លែងបន្លំគុណភាព និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់តាមបញ្ជិកាស្នើសុំ។ ត្រូវណែនាំដល់កសិករ ឱ្យចេះសន្សំ និងប្រើជីធម្មជាតិ ជីសរីរាង្គឲ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយថ្លៃដើមផលិត តាមរយៈការចំណាយលើជីគីមី ម៉្យាងទៀតដើម្បីរក្សាគុណភាពដី គុណភាព សុវត្ថភាពផលិតផល និងជាពិសេសចូលរួមកាត់បន្ថយឱនភាពដីកសិកម្ម។ ត្រូវលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការបម្រើសេវាសាធារណៈ ត្រូវពង្រឹងឆន្ទៈការងារ និងវិន័យថ្លៃថ្នូរក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយផ្អែកតាមគោលការណ៍ការងារ និងនីតិវិធីពាក់ព័ន្ធជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង