មន្ត្រីរាជការ នៃមន្ទីរសាធារណការ ខេត្តព្រះវិហារ ចូលរួមកាន់បិណ្ឌវេនបិណ្ឌទី៦ នៅវត្តទ្រីសទ្ធារាម ឃុំសង្កែពីរ ស្រុកឆែប
ខេត្តព្រះវិហារ ៖ ក្រោមគំនិតផ្តួចផ្តើមពីលោកលោកសំ លាងទ្រី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃ ០៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មកកាន់
បិណ្ឌវេនទី៦ នៅវត្តទ្រីសទ្ធារាម ហៅវត្តសង្កែពីរ ស្ថិតក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។
ស្ថិតក្នុងឱកាសនោះ លោកសំ លាងទ្រីបានប្រគេននូវទេយ្យវត្ថុ ថវិកា ដល់ព្រះសង្ឃ និងរាប់បាត្រឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន មាតាបិតា វិរះយុទ្ធជន ដែលបានចែកឋានទៅហើយផងដែរ។
សូមអនុមោនានូវកុសលផលបុណ្យទាំងអស់នេះ
ជូនដល់បងប្អូន ទាំងអស់គ្នាផង។ លោកលើកឡើងថា
ការសប្បាយរីករាយ ដែលផុសចេញពីសកម្មភាពនៃអំពើល្អ គឺជាពានរង្វាន់មួយដែលមានតម្លៃសម្រាប់ការរស់នៅសម្រាប់មនុស្សគ្រប់គ្នា។
គួរបញ្ជាក់ផងដែរថា វត្តទ្រីសន្ធារាម គឺជាវត្តថ្មីមួយ
ស្ថិតនៅក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានចំងាយពីទីរួមខេត្តឬក្រុងព្រះវិហារជាង៤០គីឡូម៉ែត្រ ។ ក្រោយបង្កើតអោយមានវត្តនេះឡើង ពោលគឺកាលព្រឹកថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកាគ.ស ២០១៧កន្លងមកនេះលោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានអញ្ជើញជាអធិបតីភាពបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ ដែលសាលាឆាន់នេះមានទទឹង១២ម៉ែត្របណ្តោយ២៤ម៉ែត្រ ក្រោមជំនួយផ្ទាល់ពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ និងជាអតីតប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះជួយស្រុកឆែបនិងបច្ចុប្បន្នជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី។
លោក សំ លាងទ្រី ធ្លាប់បានបញ្ជាក់អោយដឹងហើយថា ភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ពីមុនមកមិនមានវត្តសម្រាប់ប្រជាពលរដ្ឋគោរពបូជានិងធ្វើបុណ្យទានតាមប្រពៃណីព្រះពទ្ធសាសនានោះទេ ។ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទើបរូបលោកនិងដោយមានការគាំទ្រពីលោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បង្កើតអោយមានវត្តថ្មីនេះឡើងតែម្តង ហើយមកដល់ពេលនេះការសាងសង់ សម្រេចបានប្រមាណ០៩ភាគរយហើយ៕












