ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ១.៤២៥នាក់ ដោយឥតគិតថ្លៃ

91

ក្រចេះ ៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ សរុបចំនួន ១.៤២៥នាក់ដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨។
ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំងកងវរសសនាតូចលេខ ៤ តំបន់ប្រតិបត្តិការសឹក្រចេះ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋ លោកស្រី បន្តថាសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋគ្រប់កន្លែង និងគ្រប់ពេលវេលា។
លោកស្រីហ៊ុន ម៉ាណា បានថ្លែងអំណរគុណអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នៃស្រុកស្នួល ខេត្តក្រចេះ ដែលបានសម្របសម្រួលពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ឱ្យបានអញ្ជើញមកកន្លែងទីតាំងសេវា ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។

មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាននំបុ័ និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ និងចែកជូនវែនតា សម្រាប់លោកយាយ លោកតា ចំនួន ៥០០នាក់,ខោអាវលោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ១៥គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ, កងទ័ព និងគ្រួសារកងទ័ព ដែលបានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ សូមឱ្យមានសុខភាពល្អបរិបូណ៍។

អត្ថបទដែលជាប់ទាក់ទង