ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់៤នាក់​ ដោយរថយន្តដឹកដីបុកម៉ូតូ លើផ្លូវជាតិលេខ៣

88


ខេត្តកណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តជាមួយម៉ូតូ បណ្តាលឲ្យស្លាប់ ៤នាក់(ស្រី៣នាក់) កើតហេតុថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥:៤០នាទី លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ត្រង់ចំណុចភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA CLICK ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1T-4477 បើកបរសោយឈ្មោះ ខាត់ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ (បើកបរមានទិសដៅពីជើងទៅត្បូង) រួមដំណើរចំនួន ៣នាក់ ១/ឈ្មោះ ហៀង ភ័ស្ត អាយុ២៥ឆ្នាំ ត្រូវជាប្រពន្ធ ២/ឈ្មោះ ហៀង ធីតា ភេទស្រី អាយុ១៣ឆ្នាំ ៣/ឈ្មោះ ហៀង ផៃយ៉ម ភេទស្រី អាយុ១២ឆ្នាំ អ្នកទាំង៣ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ។ ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-2412 ប្រភេទបែន អ្នកបើកបររត់គេច ជាកម្មសិទ្ធិរបស់ឈ្មោះ គឹម ថង មានទីលំនៅផ្ទះលេខ២០២ ផ្លូវវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបរមានទិសដៅផ្ទុយគ្នា ។

នគរបាលស្រុកកណ្តាលស្ទឹង ​បានសេចក្តីសន្និដ្ឋានជំហានដំបូងថា ករណីនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរចូលចំណែកផ្លូវយានម្ខាងទៀត ដែលមានទិសដៅផ្ទុយគ្នា ចំណែកអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿន។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង កំពុងធ្វើការវាស់វែង ដើម្បីយករថយន្ដ និងម៉ូតូទៅរក្សាទុក ដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង