ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទ្រីយ៉ាត្លុង៖កីឡាជាតិលើកទី៣ ជាឳកាសពិនិត្យគុណភាព អត្តពលិកនិងមន្ត្រីបច្ចេកទេស

92

ភ្នំពេញ៖សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ពីថ្ងៃទី២១ដល់៣០ខែវិច្ឆិកាឆ្នាំ២០២៣ដើម្បីសម្រួច
គោលដៅឲ្យកាន់តែមោះមុតទាំងមន្ត្រីបច្ចេកទេសរៀបចំការប្រកួតនិងបង្កើនគុណភាពបច្ចេកទេស របស់អត្តពលិកជម្រើសជាតិ ត្រៀមឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាលោក ងិន សុខបញ្ញា គូសបញ្ជាក់ថា សហព័ន្ធបានត្រៀមលក្ខណៈក្នុងការយកការរៀបចំនិងការបង្កើនគុណភាពបច្ចេកទេសរបស់អត្តពលិកជម្រើសក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ដោយប្រភេទកីឡាទ្រីយ៉ាត្លុងនឹងប្រកួតនៅខេត្តកែប ពីថ្ងៃទី២៦ដល់៣០ ខែវិច្ឆិកា ២០២២ ហើយមានកីឡាករ កីឡាការិនីចូលរួមសរុប ៥៣នាក់ មកពី៧ខេត្ត និង២ក្រសួង។
ចំពោះមន្ត្រីរៀបចំការប្រកួត ដែលប្រើប្រាស់ដល់កីឡាជាតិលើកទី៣នេះ មានចំនួន ៤៥នាក់លើផ្នែកប្រកួតលើទឹកផ្នែកកង់និងរត់ប្រណាំងខណៈសហព័ន្ធនឹងពិនិត្យមើលលើការងាររបស់មន្ត្រីទាំងអស់ ដើម្បីជ្រើសរើសមន្ត្រីឆ្នើមៗមួយចំនួន សម្រាប់ស៊ីហ្គេម ២០២៣។

លោកអគ្គលេខាធិការសង្កត់ធ្ងន់ថាការត្រៀមកីឡាជាតិលើកទី៣នេះគឺផ្តោតសំខាន់លើការរៀបចំរបស់មន្ត្រីបច្ចេកទេសនិងផ្តល់ឲ្យកីឡាករកីឡាការិនីទូទាំងប្រទេសជាពិសេសគឺក្រុមជម្រើសជាតិ បានបង្កើនគុណភាពឲ្យកាន់តែមោះមុត ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
សម្រាប់កីឡាករកីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជាទាំងអស់នឹងចូលរួមប្រកួតតាមរយៈខេត្តឬក្រសួងដែលជាស្ថាប័នដើមរៀងៗខ្លួន។ការរៀបចំកីឡាជាតិលើកទី៣នេះទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC និងសាលាខេត្តកែប ដែលជាម្ចាស់ផ្ទះកីឡាជាតិលើកទី៣ និងជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។
សម្រាប់វិញ្ញាសាប្រកួតសហព័ន្ធបានរៀបចំចំនួន៦វិញ្ញាសាមានដូចជាទ្រីយ៉ាត្លុង(Triathlon)បុរស-នារី ឌូអាត្លុង(Duathlon)បុរស-នារី និងអាគ័rត្លុង(Aquathlon) បុរស-នារី ដែលសុទ្ធសឹងជាវិញ្ញាសាស្តង់ដា ស៊ីហ្គេម ផងដែរ។

សម្រាប់វិញ្ញាសាទាំង៦នោះគឺទី១. ទ្រីយ៉ាត្លុង បុរស ហែលទឹក ៧៥០ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រនិងរត់ប្រណាំង ៥គីឡូម៉ែត្រ។ ២. ទ្រីយ៉ាត្លុង នារី ហែលទឹក ៧៥០ ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និង រត់ប្រណាំង ៥គីឡូម៉ែត្រ។ ៣. ឌូអាតុង បុរស រត់ប្រណាំង ៥គីឡូម៉េត្រ ជិះកង់ ២០គីឡូម៉ែត្រ និងរត់ប្រណាំង ២,៥គីឡូម៉ែត្រ។ ៤. ឌូអាត្លុង នារី រត់ប្រណាំង ៥គីឡូម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និង រត់ប្រណាំង ២,៥ គីឡូម៉ែត្រ។ ៥. អាគ័រត្លុង បុរស ហែលទឹក ៥០០ ម៉ែត្រ +រត់ប្រណាំង ២,៥គីឡូម៉ែត្រ។ ៦. អាគ័តត្លុង នារី ហែលទឹក ៥០០ ម៉ែត្រ និង រត់ប្រណាំង២,៥ គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ចំពោះវិញ្ញាសា អាគ័តត្លុង បុរស-នារី គឺជាវិញ្ញាសាថ្មីបំផុត ដែលត្រូវបានម្ចាស់ផ្ទះ កម្ពុជា ដាក់បញ្ជូលក្នុងគោលដៅស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន ហើយវិញ្ញាសានេះ ក៏ជាគោលដៅនៃផែនការមេដាយមាស ដើម្បីឆ្លើយតបទៅនឹងសន្ទស្សន៍បញ្ជីមេដាយមាស របស់គណៈកម្មាធិការជាតិ CAMSOC ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង