ព្រមាន ចាប់ខ្លួនអ្នកជួញដូរសត្វព្រៃខុសច្បាប់ បញ្ជូនសំណុំរឿងទៅតុលាការ
ភ្នំពេញ៖ “កម្ពុជាបានតាំងចិត្តខ្ពស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់។ កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ គឺត្រៀមខ្លួនក្នុងការសហការ ជាលក្ខណៈអន្តរជាតិ ជាមួយប្រទេសទាំងអស់ ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់”។ នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាស ដែលឯកឧត្តមចូលរួមនៅក្នុងកម្មវិធី លើកតម្កើងឥរិយាបថ នៃការចូលរួមប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅនិវេសនដ្ឋានរបស់ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធនានាជាច្រើនរូបទៀត ក្នុងនោះក៏មានវត្តមានរបស់លោក Edward Vaizey បេសកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកផ្នែកពាណិជ្ជកម្មផងដែរ។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការការប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជា ក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិ ជាមួយប្រទេសអង់គ្លេស ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរ នៅលើពិភពលោក។
នៅក្នុងឱកាសនោះខ្សែវីដេអូអប់រំពីរ ដែលនិយាយពីការប្រឆាំង នឹងការជូញដូរសត្វព្រៃខុសច្បាប់ និង និងការអភិរក្សជីវៈចម្រុះ ត្រូវបានចាក់បញ្ចាំង។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះការ ផលិតខ្សែវីដេអូអប់រំនេះ ដោយថ្លែងថា វានឹងចូលរួមក្នុងការកែប្រែឥរិយាបថពលរដ្ឋមួយចំនួនឱ្យស្រឡាញ់ ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត និងចូលរួមអភរិក្ស ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ ជំនាន់ទៅមុខទៀត។
លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងបរិស្ថាន មានការតាំងចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ហើយបានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធ ត្រូវធ្វើការងាររួមគ្នា ដើម្បី លុបបំបាត់ការជួញដូរខុសច្បាប់នេះ។ លោករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម៕