រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ ត្រូវសរសេរឲ្យបានច្បាស់ ដាក់ក្នុងតារាង ដើម្បីឲ្យភ្ញៀវឲ្យបានដឹងជាមុន ចៀសវាង ការកំណត់ថ្លៃខ្ពស់ហួសហេតុ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ឲ្យពង្រឹងគុណភាពផលិផលទេសចរណ៍ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ចាប់ពីថ្ងៃទី៨-១០ ខែតុលា ឆ្នាំ២០១៨ខាងមុខ។
តាមសារាចរណែនាំ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា ត្រូវសហការជាមួយប្រតិបត្តិករទេសចរណ៍ ចូលរួមពង្រឹងគុណភាពផលិតផលទេសចរណ៍ ចូលរួមទប់ស្កាត់ការជួញដូរប្រើប្រាស់គ្រឿងញៀន និងការធ្វើអាជីវកម្មជួញដូរផ្លូវភេទលើកុមារ និងទប់ស្កាត់រាល់សកម្មភាពក្មេងទំនើង និងត្រូវអនុវត្តតាមច្បាប់ និងការណែនាំរបស់រដ្ឋ លើកកម្ពស់គុណភាព សេវាកម្ម និងអនាម័យម្ហូបអាហារព្រមទាំងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា “រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាង ដែលបានបិទផ្សាយម្ចាស់មូលដ្ឋាន ឬសេវាកម្មទេសចរណ៍ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ត្រូវសហាករចុះតាមគោលដៅ ទេសចរណ៍សំខាន់ៗ ដើម្បីអប់រំផ្សព្វផ្សាយការបញ្ជ្រាបការយល់ដឹង ជាសាធារណៈដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ”។
គ្រប់មន្ទីររាជធានី ខេត្ត ត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃនីមួយៗ និងបូកសរុបស្ថិតិភ្ញៀវទេសចរទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ នាឱកាសបុណ្យភ្ជុំបិណ្ឌទាំង៣ថ្ងៃ ហើយផ្ញើរបាយការណ៍មក ទីស្តីការក្រសួងទេសចរណ៍ បានឆាប់រហ័សដើម្បីបូកសរុបលទ្ធផលជូនរាជរដ្ឋាភិបាល៕
ព័ត៌មានលម្អិតសូមសារាចរណែនាំខាងក្រោមនេះ៖