ឃាតករជាប្តី វាយសម្លាប់ប្រពន្ធ ដោយរឿងប្រច័ណ្ឌ ត្រូវបញ្ជូនទៅតុលាការ
ខេត្តបន្ទាយមានជ័យ ៖ នគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យ បានបង្ហាញមុខឃាតករម្នាក់ ដែលជាប្តីទី៣ វាយសម្លាប់ប្រពន្ធរបស់ខ្លួន ដោយសារតែភ្លើងប្រច័ណ្ឌ ទៅតុលាការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។
លោកវរសេនីយ៍ទោភឿង ម៉ាន់សិង្ហ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យជាប្តី ឈ្មោះ ទុង ថា អាយុ៤៦ឆ្នាំ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធ ឈ្មោះធ្លោក ថាញ់ អាយុ៤៣ឆ្នាំ គ្រួសារនេះ រស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយពីធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធ ជនសង្ស័យជាប្តី បានរត់គេចខ្លួនទៅលាក់ខ្លួននៅក្នុងភូមិសាស្ត្រ ស្រុកក្រវ៉ាញ ខេត្តពោធិសាត់ ។
លោកនាយការិយាល័យបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធករណីឃាតកម្មខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាតាមប្រមាញ់ចាប់យកជនល្មើសមកផ្តន្ទាទោសឲ្យខាងតែបាន ។
កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលនៃអធិការរដ្ឋានស្រុកម៉ាឡៃ ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពន្លាតដែនដីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងជំនាញនិងកម្លាំងនគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងនគរបាលខេត្តពោធិសាត់ បង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៧យប់ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ថា គ្រួសារនេះគ្មានកូនទេ ហើយប្តីប្រពន្ធ២នាក់នេះ គឺជាមនុស្សញៀនស្រា ពេលប្តីស្រវឹងស្រា តែងតែប្រើអំពើហឹង្សាវាយដំទៅលើប្រពន្ធ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បុរសជាប្តីបានស្រវឹងស្រា ហើយយកភ្លើងបារីអុជភ្លៅប្រពន្ធ វាយមុខប្រពន្ធ បណ្តាលឲ្យជាំភ្នែក និងមុខ ហើយពេលសមត្ថកិច្ចទៅនាំ បែរជាស្ត្រីជាប្រពន្ធលាក់លៀមជាមួយសមត្ថកិច្ច ។ លុះយប់កើតហេតុថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ប្តីប្រពន្ធ ស្រវឹងស្រា ក៏មានការឈ្លោះប្រកែកគ្នា តែដោយរឿងដដែលគ្មានអ្នកគេចាប់អារម្ភ ។ លុះដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ទើបគេដឹងថា ស្ត្រីជាប្រពន្ធបានស្លាប់ ហើយប្តី រត់បាត់។
ជនសង្ស័យ បានសារភាពថា នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនបានវាយសម្លាប់ប្រពន្ធទី៣នេះមែន ក៏ព្រោះតែភ្លើងប្រចណ្ឌ ជាមួយនឹងអ្នកជិតខាង ហើយពេលខ្លួនហៅប្រពន្ធមកដេកជាមួយ បែរជាប្រពន្ធរបស់ខ្លួនមិនព្រម ខ្លួនក៏រឿងខឹងរួចយកញញួរមកវាយដើមទ្រូង និងយកខ្នើយខ្ទប់ច្រមុះ ក្រោយពេលដឹងថានាងស្លាប់ ជនសង្ស័យក៏រត់គេខ្លួនទៅផ្ទះអ៊ុំ នៅភូមិអូរប្ញស្សី ឃុំបាក់ជញ្ចៀន ស្រុកក្រវ៉ាញ ខេត្តពោធិសាត់ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យ មានទីលំនៅកំណើនៅខេត្តព្រៃវែង ហើយកាលពីអំឡុងឆ្នាំ១៩៩៤ គឺមានករណីសម្លាប់មនុស្សនៅផ្ទះរបស់ខ្លួន ដោយមិត្តភក្តិម្នាក់ទៀតជាអ្នកសម្លាប់ ដោយជម្លោះពេលផឹកស៊ីរវាងមិត្តនិងមិត្តរបស់គេ។ តាំងពីនោះមក ដោយភ័យខ្លាចមានរឿងរ៉ាវ ក៏រត់គេចខ្លួនមកស្រុកម៉ាឡៃ ដែលមានរយៈជាង២០ឆ្នាំ៕