សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យឥណ្ឌូនេស៊ី ពិនិត្យមើល លទ្ធភាពក្នុងការជំរុញអ្នកវិនិយោគ ពីប្រទេសឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ពិនិត្យមើល លទ្ធភាពក្នុងការជំរុញអ្នកវិនិយោគ ពីប្រទេសឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគនៅកម្ពុជា។
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី(PUAN MAHARANI) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៉ី។
តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងអំពីលទ្ធផលក្រោយជំនួបថា នៅក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវប្រធានរដ្ឋសភានៃប្រទេសឥណ្ឌូនេស៊ី បានពិភាក្សាគ្នាលើបញ្ហាតំបន់ និងបញ្ហាពិភពលោក រួមជាមួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ។ ក្នុងប្រធានបទនេះ លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ី បានគោរពវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា នូវការរៀបចំ និងការដឹកនាំកិច្ចប្រជុំកំពូល ក្នុងភាពជាប្រធានអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ទទួលបានលទ្ធផលជោគជ័យ និងបាននាំមកជូនដល់តំបន់អាស៊ាននូវវឌ្ឍនៈភាពយ៉ាងច្រើនទៀតផង។
លោកជំទាវ បណ្ឌិត ពាន់ ម៉ាហារ៉ានី ក៏បានសំដែងនៅសេចក្តីរីករាយជាមួយទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាទំនាក់ទំនងជាប្រវត្តិសាស្ត្រ ហើយនៅមានសក្ដានុពលពង្រីកទំនាក់ទំនងនេះបន្ថែមទៀត ដោយឈរលើមូលដ្ឋានដែលមានស្រាប់ តាមរយៈជំរុញទំនាក់ទំនងរវាងសភា និងសភា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យដ៏ទៃទៀតដែលប្រទេសទាំងពីរអាចធ្វើទៅបាន។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទៅនឹងការលើកឡើងរបស់លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ី។សម្ដេចតេជោបានមានប្រសាសន៍បន្តថា ការតភ្ជាប់តាមរយៈជើងហោះហើររវាងប្រទេសទាំងពីរ អាចជំរុញទំនាក់ទំនងរវាងសភា និងសភា នាងប្រជាជន និងប្រជាជន រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មវិញ សម្ដេចតេជោបានស្នើឲ្យមានការពិនិត្យមើល លទ្ធភាពក្នុងការជំរុញអ្នកវិនិយោគពីប្រទេសឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាការសាងសង់ឃ្លាំង សង់រោងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្រូវ ក្នុងប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីធ្វើការ សំងួត កិន និងនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយក្រុមហ៊ុននៃប្រទេសឥណ្ឌូនេស៊ីអាចសហការ ជាមួយកសិករកម្ពុជាឱ្យដាំដំណាំស្រូវដែលក្រុមហ៊ុនត្រូវការផងដែរ៕