តុលាការកំពូលបដិសេធការផ្ដន្ទាទោសលើអតីតមន្ត្រីសិទ្ធិមនុស្ស
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ តុលាការកំពូល បានបដិសេធលើការផ្ដន្ទាទោសលោក នី ចរិយា អតីតមន្រ្តីសិទ្ធិមនុស្ស ពីបទបរិហារកេរ្តិ៍ និងតម្រូវឱ្យយកករណីនេះ ទៅជំនុំជម្រះសារជាថ្មី នៅសាលាឧទ្ធរណ៍វិញ ដោយផ្អែកលើភាពខ្វះខាតនៃភ័ស្តុតាង។ ករណីនេះ គឺជាករណីថ្មី នៃការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ដើម្បីផ្ដន្ទាទោសអ្នករិះគន់ ចំពោះសេចក្ដីសម្រេចរបស់តុលាការ។
បើតាមការផ្សាយរបស់អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ – LICADHO) បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ អតីតបុគ្គលិកនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ដែលបច្ចុប្បន្នជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ពីបទបរិហារកេរ្តិ៍ បទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការ (មាត្រា៣០៥ មាត្រា៣១១ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា) ។
លោក នី ចរិយា ត្រូវបានចោទប្រកាន់ តាមបណ្ដឹងរបស់ចៅក្រមស៊ើបសួរម្នាក់ និងព្រះរាជអាជ្ញារងម្នាក់ នៃសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក ដែលបានធ្វើឡើង នៅក្នុងសន្និសិទសារព័ត៌មានចំនួនពីរ កាលពីខែឧសភា ឆ្នាំ២០១៥ ដើម្បីស្នើសុំឱ្យមានការស៊ើបអង្កេត ទៅលើភាពមិនប្រក្រតីផ្នែកផ្លូវច្បាប់ ជុំវិញដំណោះស្រាយជម្លោះដីធ្លីមួយ ក៏ដូចជាស្នើសុំឱ្យមានការដោះលែងជនរងគ្រោះនៃការរំលោភសិទ្ធិដីធ្លីចំនួនពីរនាក់ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។
ការផ្ដន្ទាទោសនេះ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចតម្ដល់ទុក ជាបានការ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។
ទោះបីជាយ៉ាងណា តុលាការកំពូលពេលនេះ បានរកឃើញថា សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ មិនបានផ្ដល់ភ័ស្តុតាងគ្រប់គ្រាន់ថាតើ លោក នី ចរិយា ពិតជាបានធ្វើការអត្ថាធិប្បាយបែបនោះមែន ឬយ៉ាងណា។
នៅមានភាពមិនប្រក្រតីជាច្រើនទៀត ក្នុងដំណើរការសវនាការ។ ភាគីដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវី របស់អ្នកទាំងនោះ មិនបានបង្ហាញវត្តមានក្នុងសវនាការ នៅតុលាការកំពូលទេ ដែលធ្វើឱ្យភាគីជនត្រូវចោទ គ្មានឱកាសជជីកសួរដេញដោល អ្នកទាំងនោះបាន ដែលដូចគ្នា ទៅនឹងសវនាការ នៅសាលាដំបូងរាជធានីភ្នំពេញដែរ។ សិទ្ធិរបស់លោក នី ចរិយា ក្នុងការត្រៀមខ្លួន និងការការពារក្ដី សម្រាប់ការជំនុំជម្រះលើកដំបូង និងការជំនុំជម្រះនៅសាលាឧទ្ធរណ៍ ក៏ត្រូវបានរឹតត្បិតផងដែរ ខណៈដែលពេលនោះ លោកត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ក្នុងពន្ធនាគាររង់ចាំសវនាការ ដោយរងការចោទប្រកាន់ ពីបទ សមគំនិតសូកប៉ាន់សាក្សី នៅក្នុងរឿងក្ដីផ្សេងមួយទៀត។
សង្គមស៊ីវិលបានជំទាស់ ទៅនឹងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ (បទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការ) ក្នុងឆ្នាំ២០១០ ដោយសម្អាងថា មាត្រានេះអាចធ្វើឱ្យប៉ះពាល់ ទៅលើសេរីភាព នៃការបញ្ចេញមតិ និងអាចផ្ដន្ទាទោស ទៅលើការងារតស៊ូមតិ នៃក្រុមសង្គមស៊ីវិល ដែលគាំទ្រលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌៕