ដល់ពេលដែលជនជាតិវៀតណាម នៅលើផ្ទះបណ្ដែតទឹកតាមដងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ធ្វើបម្លាស់ទីមកលើគោក
កំពង់ឆ្នាំង៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នេះ ដល់ពេលវេលាដែលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាប់ផ្ដើមបម្លាស់ទីជនជាតិវៀតណាម ចំនួន២.៣៩៧គ្រួសារ ដែលរស់នៅលើផ្ទះបណ្ដែតទឹក នៅតាមដងទន្លេសាប នៅទូទាំងខេត្តកំពង់ឆ្នាំង ឱ្យមកនៅរស់នៅលើគោកវិញ ហើយបើមានការតវ៉ាពីក្រុមជនជាតិវៀតណាម អាជ្ញាធរនឹងប្រើប្រាស់វិធានការ រដ្ឋបាល យ៉ាងតឹងរ៉ឺងបំផុត។
អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា យុទ្ធនាការនេះបានអនុវត្ត និងជូនដំណឹងតាំងពីឆ្នាំ២០១៥ មកម្ល៉េះ ហើយការរុះរើសជនជាតិវៀតណាម ឱ្យទៅនៅលើគោកនេះ មានកិច្ចសហការជាមួយសមាគមវៀតណាម នៅកម្ពុជា ព្រោះសមាគមវៀតណាម បានសហការជាមួយដៃគូរឯកជន ដើម្បីផ្ដល់ទីតាំងសម្រាប់តាំងលំនៅឋាន របស់ជនជាតិវៀតណាម ទាំងនោះ។ កន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង និងនៅតំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗទៀត។ ការរុះរើលំនៅឋានរបស់បងប្អូនជនជាតិវៀតណាម ក្នុងន័យដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន និងបញ្ហាសុខភាពអនាម័យ ព្រោះថាការរស់នៅលើទឹកនេះ ធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ពិសេសការប្រកបអាជីវកម្មផ្សេងៗធ្វើឲ្យប៉ះពាល់ដល់ទឹក ហើយយកទឹកនោះមកប្រើវិញ គឺអាចប្រឈមជាមួយបញ្ហាសុខភាព។
លោកបានបន្ថែមថា កន្លងទៅ នៅពេលអាជ្ញាធរ ចេញសេចក្ដីជូនដំណឹង និងនៅពេលអនុវត្តការងារនេះ ក៏មានការតវ៉ាពីក្រុមជនជាតិវៀតណាម ប៉ុន្ដែអាជ្ញាធរបានប្រើប្រាស់វិធានការ រដ្ឋបាល យ៉ាងតឹងរ៉ឺងបំផុត ដើម្បីបន្ដអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
អភិបាលខេត្ត បានបញ្ជាក់ថា ជនជាតិវៀតណាមទាំងអស់នោះ ត្រូវនៅឆ្ងាយពីកន្លែងចាស់ប្រមាណ១គីឡូម៉ែត្រ ហើយខ្លះទៀត ត្រូវកំណត់ឲ្យទៅរស់នៅឃុំស្វាយជ្រំ ស្រុករលាប្អៀ ដោយមានទំហំដី៤០ហិកតា ដែលផ្ដល់ដោយសមាគមវៀតណាម សហការពីដៃគូរឯកជន ដោយជួលឲ្យគាត់គេរស់នៅ៕