ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រៀមកម្លាំងការពារ ពិធីសម្ពោធវិមានឈ្នះ ឈ្នះ ដើម្បីអបអរសាទរ ខួប២០ឆ្នាំ,នៃការស្វែងរកសន្តិភាព តាមនយោបាយឈ្នះឈ្នះ

107

ភ្នំពេញ៖ តាមគម្រោងដែលត្រោមទុកជាមុននោះ វិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា នឹងត្រូវសម្ពោធជាផ្លូវការ នៅចុងឆ្នាំនេះ រយៈពេល៣ថ្ងៃគឺថ្ងៃទី២៩ ដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

នៅព្រឹកថ្ងៃទី១ខែតុលានេះ ​រដ្ឋបាលរាជធានីភ្នំពេញបើកិច្ចប្រជុំ​ស្ដីពី ការត្រៀមកម្លាំងសហការ​ការពារសន្តិសុខ​សុវត្ថភាព​ក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ ដើម្បីអបអរសាទរខួប២០ឆ្នាំ,នៃការស្វែងរកសន្តិភាពតាមនយោបាយឈ្នះ ឈ្នះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះក្រោមអធិបតី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការ១ចំនួន ដើម្បីឈានទៅរៀប ពិធីសម្ពោធវិមានឈ្នះៗ ដែលនៅសល់តែរយៈពេល ជាងមួយខែទៀត តែប៉ុណ្ណោះឲ្យបានល្អប្រសើរ។

លោកអភិបាលបានបញ្ជាក់ថា៖ វិមានឈ្នះៗដែលរៀបចំកសាងឡើងដោយក្រសួងការពារជាតិ គឺជានិមិត្តរូប នៃការបញ្ចប់សង្គ្រាមដ៏រ៉ាំរៃនៅកម្ពុជា និងអបអរសាទរខួបអនុស្សាវរីយ៏ លើកទី២០នៃការបញ្ចប់សង្រ្កាមនៅកម្ពុជា ក្រោមនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកសន្តិភាពតែមួយគត់ និងជាអ្នក បន្លត់ភ្លើងសង្គ្រាម ដ៏រ៉ាំរៃនៅកម្ពុជា ដោយពុំមានការបង្ហូរឈាម នាំមកនូវសុខសន្តិភាព ពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៏។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា៖ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមរៀបចំ កម្មវិធីនេះឲ្យមានប្រសិទ្ធភាព  និងទទួលបានលទ្ធផលល្អប្រសើរ តាមរយៈការត្រៀមរៀបចំ អនុគណៈ កម្មការទទួលខុសត្រូវ តាមភារកិច្ចរៀងៗខ្លួន។

គួរបញ្ជាក់ថា៖វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨)។

គួររំលឹកថា៖ វិមានឈ្នះ ឈ្នះ នេះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ ៕

អត្ថបទដែលជាប់ទាក់ទង