ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងនាំប្រតិភូអន្តរជាតិ ជាង១២០នាក់ ទៅទស្សនកិច្ចនៅ គោលដៅទេសចរណ៍តំបន់ឆ្នេរ ដើម្បីទាក់ទាញនិងទទួល បានភ្ញៀវទេសចរកាន់តែច្រើន

142

ព្រះសីហនុ៖ ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
សន្និបាតឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ អមជាមួយពិធីបុណ្យសមុទ្រនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគ្រោងនឹងទទួលប្រតិភូអន្តរជាតិសរុបជាង១២០នាក់នៅទូទាំងពិភពលោក។
នៅក្នុងអង្គប្រជុំត្រៀមការងារទាំងនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានជំរុញក្រុមការងារបច្ចេកទេសត្រូវរៀបចំឱ្យមានទស្សនកិច្ច ទៅកាន់គោលដៅទេសចរណ៍ប្រណីតនៅតាមគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍។
ឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានលើកឡើងអំពីគោលដៅសំខាន់ៗដែលគ្រោងនឹងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិខាងលើ ក្នុងនោះរួមមានដូចជាកោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ក៏ដូចជាឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុផងដែរ។
ឯកឧត្ដម ជុក ជំនោរ បានបន្តថា ប្រតិភូដែលបានបញ្ជាក់ថានឹងចូលរួមក្នុងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនេះ គឺមានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានផ្ដល់សារសំខាន់ថា «ក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍នេះទេ ដែលដើរតួសំខាន់ក្នុងការទាក់ទាញនិងទទួលភ្ញៀវទេសចរបានច្រើន»។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្ដមអភិបាលខេត្ត គួច ចំរើន លើការរៀបចំបណ្ដាញទស្សនកិច្ច ពេលវេលា មធ្យោបាយ ការការរពារសន្តិសុខ ស្បៀងអាហារ ខ្លឹមសារឧទ្ទេសនាម ក៏ដូចជាការបញ្ជ្រាបខ្លឹមសារផ្សព្វផ្សាយបន្ថែមជូនប្រតិភូអន្តរជាតិទាំងនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង