ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការអភិវឌ្ឍរាជធានី ត្រូវធ្វើឡើងទៅតាម ប្លង់គោលរាជធានីឆ្នាំ២០៣៥ ដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋឲ្យបានលឿន

55

 

ភ្នំពេញ៖ ការអភិវឌ្ឍរាជធានីត្រូវធ្វើឡើងទៅតាម ប្លង់គោលរាជធានីឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ ជាមួយនឹងការកែប្រែ (Update) ប្លង់គោលនេះមួយចំនួនឡើងវិញដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋអោយបានលឿន។

នេះជាការលើកឡើងរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោក បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីឆ្នាំ២០៣៥ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ជិកា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែ ប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ ប៉ុណ្ណោះមកប្រជុំពិភាក្សានិងលើកទិសដៅអនុវត្តបន្ត ដើម្បីអោយថ្នាក់ខណ្ឌបានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និងធ្វើកិច្ចការងារនេះឡើងវិញ ។

លោកឃួង ស្រេង បានណែនាំថា៖ សម្រាប់ភូមិបាលខណ្ឌត្រូវក្តាប់ប្លង់មេអោយបានច្បាស់លាស់ មុនផ្តល់អោយគេធ្វើអ្វីមួយ ពោលគឺ ការអភិវឌ្ឍក្រុងត្រូវធ្វើឡើងទៅតាមប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចសំណង់ផ្សេងៗ ។

លោកឃួង ស្រេងបានបន្តទៀតថា ខណ្ឌមួយចំនួន យើងរៀបចំប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥រួចហើយ នៅសល់ខណ្ឌទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលយើងត្រូវសិក្សាពីប្លង់មេអោយបានច្បាស់ ។ ៨ឆ្នាំទៅ១០ឆ្នាំ ប្លង់គោលរាជធានីត្រូវកែប្រែ(Update) ឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដីជាប្រព័ន្ធជូនប្រជាពលរដ្ឋអោយបានលឿន។ មន្ទីរជំនាញ អភិបាលខណ្ឌខណ្ឌទាំង១៤ ត្រូវពិនិត្យអោយបានជាក់លាក់លើប្លង់គោល ជៀសអោយបានពីការរំលោភទៅលើប្លង់គោល២០៣៥នេះ។

គួរបញ្ជាក់ថា៖ ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ជា“បេះដូង របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំនុចពិសេស នៃប្រសព្វទន្លេបួនហៅថាទន្លេបួនមុខ ដែលជាអត្ត សញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រគួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំ និងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូលនៃរាជធានីភ្នំពេញ សម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាពបរិស្ថានរស់នៅល្អប្រសើរ សុខុដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន៕

អត្ថបទដែលជាប់ទាក់ទង