សម្តេចតេជោ និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ដោយសុវត្តិភាពហើយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកកាន់ប្រទេសកម្ពុជា ដោយសុវត្តិភាពហើយ បន្ទាប់ពីបានអញ្ជើញ ទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងនៅថ្ងៃទី ១ខែតុលាឆ្នាំ ២០១៨។
កម្ពុជាមាតុភូមិខ្ញុំ ទោះឃ្លាតឆ្ងាយក្នុងរយៈពេលយូរ ឬឆាប់យ៉ាងណាក៏អារម្មណ៍នៃ ការវិលត្រឡប់មកជាន់ទឹកដីកម្ពុជាមាតុភូមិនៅតែពោរពេញដោយក្តីទន្ទឹង។
ក្នុងដំណើរតាមយន្តហោះជាង១៧ម៉ោងនេះ ខ្ញុំសូមឆ្លៀតឱកាសរៀបរាប់ជូន ជនរួមជាតិពីដំណើរបេសកម្មរបស់ខ្ញុំដោយពាក្យសង្ខេបមួយថា « ជោគជ័យ! » ។
ខ្ញុំសូមអរគុណ ដល់ជនរួមជាតិទាំងអស់ដែលតែងតែគាំទ្រនឹង តាមដានរាល់សកម្មភាពរបស់ខ្ញុំនៅអង្គការសហប្រជាជាតិលើកនេះ តាមរយៈFacebook Page របស់ខ្ញុំក្តី ឬតាមរយៈបណ្ដាញ សារព័ត៌មានទាំងឡាយក្តី។ ការគាំទ្ររបស់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសបានផ្តល់ជាកម្លាំងចិត្តយ៉ាងខ្លាំងដល់រូបខ្ញុំ ជំនួសការនឿយហត់ផ្លូវកាយ ដោយសារការធ្វើដំណើរផ្លូវឆ្ងាយ និងការប្តូរម៉ោង យប់ជាថ្ងៃ។
ខ្ញុំក៏សូមអរគុណបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាដ៏ច្រើនកុះករ ដែលបានចំណាយពេលវេលា និងធនធានស្កាត់មកពីគ្រប់រដ្ឋជិតឆ្ងាយ មកជួបសំណេះសំណាលជាមួយខ្ញុំ ដើម្បីបានទទួលព័ត៌មានពីការអភិវឌ្ឍនានា និងសុខទុក្ខរបស់ប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំនឹងចងចាំនូវសំណើច ស្នាមញញឹម នឹងក្តីរឮករបស់បងប្អូនជាប់ជានិច្ច និងសូមសន្យាថា យើងនឹងជួបគ្នាជាថ្មីម្តងទៀត។