ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវល្បឿនលឿន ភ្នំពេញ -សៀមរាប កំពុងស្ថិត ក្នុងដំណាក់កាល ស្នើសុំពីរាជ រដ្ឋាភិបាល វិនិយោគ ក្រុមហ៊ុនឯកជនចំនួន៤នៅឡើយ

270

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនចំនួន៤ កំពុងស្នើសុំធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ស្របពេលក្រសួង កំពុងចរចាស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយចំណាយថវិកាជិត ១៧០០លានដុល្លារ។
ក្រោយបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ បានស្នើមកក្រសួងសាធារណការ ដើម្បីធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។
លោកបញ្ជាក់ថា «ក្រៅពីផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក៏មានក្រុមហ៊ុនចំនួន៤ បានស្នើសុំសិទ្ធិសិក្សាធ្វើផ្លូវល្បឿនលឿន ភ្នំពេញ ទៅសៀមរាប ។ ប៉ុន្ដែលទ្ធផលនេះ មិនទាន់ផ្ដល់ជូនមកក្រសួងនៅឡើយទេ តែឯកឧត្តមជឿជាក់ថា ថ្ងៃមុខ យើងនឹងមានផ្លូវល្បឿនលឿន ភ្នំពេញ ទៅសៀមរាប ១ខ្សែដូចភ្នំពេញ-ក្រុងព្រះសីហនុ ។
បើតាមអ្នកជំនាញសេដ្ឋកិច្ចវិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និង ជាអ្នកជំនាញសេដ្ឋកិច្ចនៃ រាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា ៖ លោកយល់ថា កម្ពុជា គួរតែមានផ្លូវល្បឿនលឿនបែបនេះ បន្ថែមទៀត ជាពិសេស គឺផ្លូវល្បឿនលឿនទៅខេត្តជាប់ព្រំដែន កម្ពុជាវៀតណាម កម្ពុជាថៃ និងកម្ពុជាឡាវ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញពីរោងចក្រសហគ្រាសទៅកាន់ទីផ្សារអន្តរជាតិកាន់តែងាយ ស្រួល និងមានតម្លៃធូរថ្លៃជាងមុន ហើយលោកបណ្ឌិត ក៏ចង់ឃើញរដ្ឋាភិបាល កែសម្រួលផ្លូវដែកឡើងវិញអោយមានភាពល្អប្រសើរផងដែរ ព្រោះអាចធ្វើអោយតម្លៃដើមនៃដឹកជញ្ជូន មានតម្លៃទាប ។
សូមបញ្ជាក់ថា៖ ថ្មីៗនេះកម្ពុជាទើបនឹងបើកឲ្យដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿន លឿនដំបូងនៅកម្ពុជា មានប្រវែង ១៦៨ គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ប្រមាណ២ពាន់ លានដុល្លារ។ ហើយ
បច្ចុប្បន្នក៏បាននឹងកំពុងសិក្សាសាងសង់ផ្លូវ ល្បឿនទី២ ពីរាជធានីភ្នំពេញទៅក្រុងបាវិតផងដែរ ដែលមានប្រវែង ១៣៨ គីឡូម៉ែត្រ គ្រោងចំណាយទឹកប្រាក់ ១៧០០ លានដុល្លារ ខណៈគម្រោងនេះអាចនឹងបើកការដ្ឋានសាងសង់នៅពាក់ កណ្ដាលឆ្នាំ២០២៣ ខាងមុខ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង