ដោះស្រាយបញ្ហា ដែលពាក់ព័ន្ធទេសចរណ៍ ក្នុងខេត្តព្រះសីហនុ
ព្រះសីហនុ៖ ដើម្បីពិគ្រោះយោបល់រិះរកវិធីដោះស្រាយបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធការអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់គណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តព្រះសីហនុ ត្រូវខិតខំបន្ថែមទៀត ក្នុងការគ្រប់គ្រងកាកសំណល់រាវក្នុងក្រុង ពិសេសចំពោះមុខត្រូវខិតខំទប់ស្កាត់ ឱ្យបាននូវទឹកកខ្វក់ មិនឱ្យហូរចូលសមុទ្រ ការជួសជុលផ្លូវ ការប្រមូលសំរាម ស្លាកយីហោមានអក្សរបរទេស សំដៅអនុវត្តឱ្យបានតាមផែនការ ដែលគណៈកម្មការជាតិគ្រប់គ្រងអភិវឌ្ឍន៍ឆ្នេរ ។
នាថ្ងៃទី១ ខែតុលាឆ្នាំ២០១៨នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានបន្តជួបប្រជុំជាមួយគណៈកម្មការជាអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ ដែលមានលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការ ដើម្បីដោះស្រាយបញ្ហា ដែលពាក់ព័ន្ធទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ លោក យន្ត មីន អភិបាលខេត្ត បានលើកឡើង ពីការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាអនាម័យ បរិស្ថាន សំរាម កាកសំណល់រាវ ដីធ្លី សំណង់ ការគ្រប់គ្រងអាជីវកម្មទេសចរណ៍ ជាដើម ដែលសម្រេចបានលទ្ធផលនាពេលកន្លងមក ហើយក៏បានលើកឡើងពីបញ្ហាប្រឈមនានា ក្នុងខេត្តព្រះសីហនុផងដែរ ដើម្បីរួមគ្នាពិភាក្សារិះរកវិធីសាស្ត្រដោះស្រាយឱ្យបានល្អ ប្រកបដោយប្រសិទ្ធភាពជាបន្ត។
បន្ទាប់ពីស្ដាប់នូវការរាយការណ៍ពីលោកអភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង និងភាគីពាក់ព័ន្ធ រួចមក លោក ថោង ខុន បានកោតសរសើរ និងវាយតម្លៃ ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តព្រះសីហនុ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត ដល់គណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តព្រះសីហនុ ក៏ដូចជា មន្ទីរ ស្ថាប័នជំនាញ នៃគណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តព្រះសីហនុ ត្រូវខិតខំបន្ថែមទៀត ក្នុងការគ្រប់គ្រងកាកសំណល់រាវក្នុងក្រុង ពិសេសចំពោះមុខត្រូវខិតខំទប់ស្កាត់ ឱ្យបាននូវទឹកកខ្វក់ មិនឱ្យហូរចូលសមុទ្រ សំដៅអនុវត្តឱ្យបានតាមផែនការ ដែលគណៈកម្មការជាតិគ្រប់គ្រងអភិវឌ្ឍន៍ឆ្នេរ បានប្រជុំរយៈពេល២ខែកន្លងមក។ សម្រាប់រយ:ពេលមធ្យម និងយូរអង្វែង គណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តព្រះសីហនុ នឹងពិភាក្សាជាមួយក្រសួងជំនាញពាក់ព័ន្ធបន្តទៀត។
ដោយឡែក ចំពោះបញ្ហាសំរាមក៏ដូចគ្នាដែរ លោក ថោង ខុន ក៏បានស្នើឱ្យរដ្ឋបាលក្រុងជំរុញ ឱ្យក្រុមហ៊ុនប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ ត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការបំពេញការងារ និងបន្ថែមឧបករណ៍ មធ្យោបាយ សម្ភារចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងការប្រមូលសំរាម និងកាកសំណល់ក្នុងក្រុង ពិសេសត្រូវពង្រាយធុងដាក់សំរាម នៅគ្រប់ផ្ទះប្រជាពលរដ្ឋ ត្រូវមានដេប៉ូសំរាម និងពង្រីកមធ្យោបាយដឹកជញ្ជូនសំរាមទាំងនោះ ឱ្យបានជាប់ជាប្រចាំ ព្រមជាមួយការយកចិត្តទុកដាក់ ជំរុញការជួលជុលផ្លូវ ទៅកាន់កន្លែងចាក់សំរាមឱ្យបានឆាប់រហ័ស សំដៅធ្វើឱ្យទីក្រុងព្រះសីហនុ ទាំងមូលក្លាយជាទីក្រុងស្អាត គ្មានសំរាម។
ត្រូវខិតខំទប់ស្កាត់សំណង់អនាធិបតេយ្យ និងគ្រប់គ្រងការដ្ឋានសាងសង់ឱ្យបានល្អ ពិសេសការដឹកជញ្ជូនបញ្ចេញ កាកសំណល់សាងសង់ឱ្យបានទាន់ពេលវេលា។ ត្រូវរាយការណ៍ជូនក្រសួងជំនាញ ដើម្បីសុំជួយជួសជុលផ្លូវក្នុងក្រុងឲ្យបានរហ័ស ក្រោយរដូវភ្លៀវនេះ។
ខាងផ្នែកទេសចរណ៍ ត្រូវខិតខំសហការគ្នាជាមួយក្រុង និង គណៈកម្មាធិការគ្រប់គ្រងឆ្នេរ ធ្វើការគ្រប់គ្រងឆ្នេរ អោយបានល្អ ខិតខំសម្អាត និងគ្រប់គ្រងឆ្នេរខ្សាច់ថ្មីៗ ដើម្បីឱ្យប្រជាជនបានកម្សាន្ត។ ត្រូវគ្រប់គ្រង ផ្តល់អាជ្ញាប័ណ្ណទេសចរណ៍ ឱ្យបានគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវខិតខំបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងសំណូមពរការងារ។ អាជ្ញារធរខេត្ត ក្រុង និងមន្ទីរជំនាញត្រូវខិតខំគ្រប់គ្រង ការដាក់ស្លាកសញ្ញាអាជីវកម្ម ឱ្យបានល្អតាមការណែនាំរបស់ក្រសួងជំនាញ។
ថ្វីដ្បិតគណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត ជួបប្រទះនូវបញ្ហា ខ្វះខាតមួយចំនួន ដូចជា ធនធានមនុស្ស សម្ភារៈប្រើប្រាស់ ក៏ដូចជា ថវិកាក៏ពិតមែន ប៉ុន្តែលោករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ដែលសមាជិកនៃគណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ ត្រូវខិតខំអនុវត្តការងារជំនាញ ដែលក្រសួងបានដាក់ចុះ ពិសេសនៅពេលសង្កេតឃើញ មានបញ្ហាមិនប្រក្រតី ត្រូវរាយការណ៍ទៅកាន់ក្រសួងជំនាញ ដើម្បីធ្វើការណែនាំឱ្យបានទាន់ពេលវេលា ពីព្រោះការរាយការណ៍ ពីព័ត៌មានជារឿងដ៏ចាំបាច់បំផុត ដើម្បីក្រសួង-ស្ថាប័នជំនាញ មានផែនការជួយដោះស្រាយទាន់ពេលវេលា។
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ ក៏ដូចជា ក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ក្រុង នៅតែខិតខំប្រឹងប្រែង សហការគ្នាធ្វើឱ្យខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពហុបំណងមួយ ដ៏សំខាន់នោះ មានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងក្លាយជាគោលដៅទេសចរណ៍ស្អាត និងបៃតង ដើម្បីទទួលបានអ្នកវិនិយោគ និងទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើន៕