សមត្ថកិច្ចបានរកឃើញអ្នកប្តឹង ចំនួន៥នាក់ ជាជនជាតិចិន នៅក្នុងអាគារមួយ ពុំមានការធ្វើទារុណកម្មទេ និង បានរកឃើញមានជនបរទេសចំនួន២២៣នាក់ទៀត
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងព័ត៌មានបឋម កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការ និងឆែកឆេរអាគារក្រុមហ៊ុនមួយកន្លែងស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមពាក្យបណ្តឹងលេខ៦២៧ តាមរយៈហតឡាញរបស់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
បន្ទាប់ពីក្រុមប្រតិបត្តិការធ្វើការឆែកឆេរ និងត្រួតពិនិត្យលើទីតាំងអាគារក្រុមហ៊ុននេះ បានរកឃើញអ្នកប្តឹងចំនួន៥នាក់ជាជនជាតិចិន ដែលមានដូចនៅក្នុងបណ្តឹងលេខ៦២៧ នៅក្នុងបន្ទប់លេខ៣១៦ជាន់ទី៣។
ចំពោះការពិនិត្យលើស្ថានភាពជនជាតិចិនទាំង០៥នាក់ ក្នុងបណ្តឹងនៅក្នុងបន្ទប់លេខ៣១៦ ពុំមានការធ្វើទារុណកម្ម និងមិនមានវត្ថុតាងណាមួយពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
បន្ទាប់ពីពិនិត្យ និងធ្វើការឆែកឆេរទីតាំងខាងលើនេះ គឺបានរកឃើញមានជនបរទេសចំនួន២២៣នាក់ ក្នុងនោះស្រីចំនួន៣៥នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ សូមបញ្ជាក់ថាករណីនេះកំពុងស្ថិតក្នុងនីតិវិធីរបស់សមត្ថកិច្ចដោយឡែកព័ត៌មានលម្អិតនឹងផ្តល់ជូននៅពេលបន្ទាប់៕