មនុស្សជាង៦០០នាក់ ចូលរួមរត់ក្នុងពិធីបុណ្យសមុទ្រ ព្រឹកនេះ
ភ្នំពេញ៖ក្នុងពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣ព្រឹកថ្ងៃទី៩ធ្នូនេះមានប្រជាពលរដ្ឋភ្ញៀវជាតិអន្ដរជាតិនិងសិស្សានុសិស្សប្រមាណ៦០០នាក់បានចូលរួមរត់កម្សាន្ដ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បាន
បញ្ជាក់ថាដើម្បីអបអរសាទរបុណ្យសមុទ្រឆ្នាំនេះNOCCដោយមានការចង្អុលបង្ហាញពីលោក
បណ្ឌិតថោងខុនរដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជាប្រធានNOCCបានរៀបចំសកម្មភាពកីឡា
មួយចំនួនដូចជាការរត់កម្សាន្ដព្រឹកនេះមានអ្នកចូលរួមប្រមាណ៦០០នាក់បន្ទាប់មកនឹងមានការប្រណាំងកង់សម្ដែងទូកក្ដោងពិសេសការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២រយៈពេល៣ថ្ងៃពេញនៅឆ្នេរអូរត្រេះដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួម
ទស្សនាដោយសេរីទៀតផង។
សម្រាប់ការចាប់ផ្ដើមសកម្មភាពកីឡាថ្ងៃនេះដែរលោកបានបង្ហាញមោទនភាពចំពោះ
កម្មវិធីរត់កម្សាន្ដនេះ ដែលមានសិស្សានុសិស្សជាង ៤៥០នាក់ចូលរួម ព្រមទាំងប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្ដរជាតិជាច្រើនទៀតដែលចូលរួមរត់ដោយស្នាមញញឹមធ្វើឲ្យគណៈកម្មការ
រៀបចំមានទំនុកចិត្តនិងសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យហើយក្លាយជាផ្នែកមួយបង្កភាពសប្បាយរីករាយដើម្បីសុខភាពមិត្តភាពនិងសាមគ្គីភាព ក្នុងឱកាសបុណ្យសមុទ្រ ឆ្នាំ២០២២ នេះ។
លោក គង់ វីតាណ: អភិបាលរងខេត្តបានសម្ដែងសេចក្ដីរីករាយ និងគាំទ្រពេញទំហឹង ចំពោះសកម្មភាពកីឡាដែលក្រសួងទេសចរណ៍និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំព្រឹត្តិការណ៍រត់កម្សាន្តនេះដើម្បីអបអរសាទរពិធីបុណ្យសមុទ្រនិងមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២។លោកបានចាត់ទុកសកម្មភាពនេះគឺជាផ្នែកមួយដ៏សំខាន់ជួយដល់ខេត្ត ក្នុងការបង្កើនបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិ បានចូលរួមលេង និងទស្សនាកម្សាន្ដ។
លោកបន្តថា «ជាស្មារតី និងជាទស្សនៈរបស់រដ្ឋបាលខេត្ត គឺសូមសម្ដែងនូវការគាំទ្រ ចំពោះការរៀបចំនេះពីព្រោះធ្វើឲ្យពិធីបុណ្យសមុទ្ររបស់យើងរួមជាមួយការអបអរសាទរមហាសន្និបាតក្លិបឆ្នេរស្អាតបំផុតលើសកលលោក ដែលជាមុខមាត់មួយរបស់ប្រទេសជាតិយើង ពិសេសខេត្តព្រះសីហនុ សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ អ្វីដែលពិសេស ព្រឹត្តិការណ៍នេះ នឹងមានមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»៕