ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ៖ ប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៃមហាសន្និបាតនេះ គឺសមស្របនាពេលបច្ចុប្បន្ន ដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងវិបត្តិសកលជាច្រើន បន្ថែមពីលើវិបត្តិ ជំងឺកូវី-១៩, វិបត្តិសង្គ្រាមអ៊ុយក្រែន

58

ព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងទៅ, យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលពិភពលោក ទាំងមូលខិតខំប្រឹងប្រែង និង រួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក ជាពិសេស បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និង ចាប់ផ្តើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ ។

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដើម្បីជំរុញការស្ដារ និង លើកស្ទួយវិស័យទេសចរណ៍, រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យ ប្រើប្រាស់នូវ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និង ក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ ដោយក្នុងនោះ ទេសចរណ៍ឆ្នេរ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៤ រួមមាន ទេសចរណ៍វប្បធម៌, ទេសចរណ៍ឆ្នេរ, អេកូទេសចរណ៍ និង ភាពជាខ្មែរ ។ ឈរលើមូលដ្ឋានទាំងអស់នេះ, យើងរំពឹងថាអាចទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១ លាននាក់ ក្នុងឆ្នាំ ២០២៣ តាមផែនការដែលបានដាក់ចេញ និង ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ រហូតដល់ឆ្នាំ ២០២៦ ឬឆ្នាំ ២០២៧ ។

ដោយឡែក, ដូចបានគូសបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្តី ក្រសួងទេសចរណ៍, ឆ្នេរសមុទ្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែល ស្អាតបំផុតលើសកលលោកក្នុងអង្គមហាសន្និបាតលើកទី ៧ របស់ក្លឹបកាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១១ នៅទីក្រុងតូបាកូតា (Toubacouta) ប្រទេសសេណេហ្កាល់ (Senegal) ក្រោម ឈ្មោះរួមតែមួយគឺ «ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay)» ហើយត្រូវបានប្រសិទ្ធនាម «ឆ្នេរសមុទ កម្ពុជា៖ តារារះនាទិសនិរតី» ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និង សមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និង បានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជា សមាជិក និង បានបន្តគាំទ្រការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាតាមរបៀបកម្ពុជា ពិសេសបាន បោះឆ្នោតគាំទ្រកម្ពុជា កាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ២ អាណត្តិជាប់គ្នា និងបន្តជាអគ្គនាយករងក្លឹប រហូតមកដល់បច្ចុប្បន្ន “។

ដើម្បីអបអរសាទរនៃការចូលជាសមាជិកក្លឹបនេះ, រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការរៀបចំពិធីបុណ្យសមុទ្រ ដោយឈរលើគោលការណ៍នៃការឆ្លាស់វេនគ្នា នៅខេត្តតំបន់ឆ្នេរទាំង ៤ដែលយើងនឹងប្រារព្ធពិធីបើកផ្លូវការនាល្ងាចនេះ និង បានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយមានរដ្ឋមន្ត្រីដល់ទៅ ៣ ជាប្រធាន និង អនុប្រធាន រួមជាមួយ អភិបាលខេត្តតំបន់ឆ្នេរទាំង ៤ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិក ដែលជាយន្តការស្ថាប័ន ដ៏សំខាន់សម្រាប់ជាការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព និង ការទទួល ខុសត្រូវ ។

ក្នុងន័យនេះ, ការចូលជាសមាជិកក្លឹបនេះ ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួល មុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និង បរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ កម្ពុជា ។ កិច្ចការនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិ- យោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និង ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានភាពទាក់ទាញ និង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និង ក្នុងតំបន់ ព្រមទាំង ជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និង រាជធានីភ្នំពេញ ។

សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ឈរលើកត្តាអំណោផលទាំងអស់នេះ និង ក្រោមចក្ខុវិស័យហ្មត់ចត់, វែងឆ្ងាយ, ទូលំទូលាយ និង គ្រប់ជ្រុងជ្រោយ, កម្ពុជាបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលត្រូវបាន ចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី ២ របស់ប្រទេស, ជាពិសេសខេត្តព្រះសីហនុ, ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍ «ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ។ ជាក់ស្ដែង, រាជរដ្ឋាភិបាល បានសម្រេចកសាងបណ្តាញផ្លូវ ៣៧ខ្សែ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាអាងប្រព្រឹត្តកម្ម ទឹកកខ្វក់ និង ការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈ ដែលចំណាយថវិការបស់ជាតិសរុបប្រមាណ ជាង ៣០០ លានដុល្លារអាមេរិក និង ដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកាលពីខែ ធ្នូ ឆ្នាំ ២០២១ ។

ប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៃមហាសន្និបាតនេះ គឺសមស្របនាពេលបច្ចុប្បន្ន ដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងវិបត្តិសកលជាច្រើន បន្ថែមពីលើវិបត្តិ ជំងឺកូវី-១៩, វិបត្តិសង្គ្រាមអ៊ុយក្រែន រួមជាមួយវិបត្តិសាកលលោកផ្សេងៗទៀត ដែលបានជះឥទ្ធិពល យ៉ាងខ្លាំងដល់ពិភពលោក ទាំងលើផ្នែកសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និង សណ្ដាប់ធ្នាប់ពិភពលោក ។

ប្រធានបទនេះក៏សមស្របជាមួយនឹងបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ ការអភិវឌ្ឍប្រទេសជាតិ, បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល ។ សន្តិភាព គឺ ពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើន សម្រាប់អនាគត បាននិងកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្តើមចេញពីសន្តិភាពនេះ ។ កម្ពុជា, ក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបលើកទី១៦ នេះ, រំពឹងចែករំលែកនូវបទពិសោធ និង ការអនុវត្តល្អៗរបស់ខ្លួន ទៅកាន់សមាជិកក្លឹបទាំងអស់ និង ពិភពលោកទាំងមូល, ទាំងលើការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ, ដោយផ្តើមចេញពីសន្តិភាពដែលខ្លួនរកបានដោយកម្រ ជាមួយ ក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមសម្រាប់អនាគត៕

អត្ថបទដែលជាប់ទាក់ទង