ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកវរសេនីយ៍ទោ ហេង សុវណ្ណដារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ មានភាពអយុត្តិធម៌ ចំពោះករណីបង្កហិង្សាមកលេីរូបគាត់

79

ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងចុះផ្សាយរបស់លោកវរសេនីយ៍ទោ ហេង សុវណ្ណដារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ថាមានភាពអយុត្តិធម៌ ចំពោះករណីបង្កហិង្សាមកលេីរូបគាត់ ដែលកេីតឡេីងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Hyundai និងម៉ូតូម៉ាក Hondaមានសណ្តោងរ៉ឺម៉ក នៅចំណុចមុខហាងលក់សម្ភារៈយីហោ “២៥០០” ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២២ ម៉ោង១៦:៣០នាទី។

កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង១៦:៣០នាទី មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ ២X-៥៧០៤ (អ្នកបើកបរ ឈ្មោះ គីម ហេង ជនជាតិ វៀតណាម) ជាមួយម៉ូតូម៉ាក Honda ពណ៌ខ្មៅ គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក (អ្នកបើកបរ ឈ្មោះ ឌី ជនជាតិ ខ្មែរ ជាកម្មករ) នៅចំណុចមុខហាងលក់សម្ភារៈយីហោ “២៥០០” ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បណ្តាលឲ្យរថយន្តបែកស្តុបក្រោយខាងឆ្វេង និងកំពិតទ្វារខាងឆ្វេង រួចឈ្មោះ ប៉ែន ផល្លា (ជាម្ចាស់ម៉ូតូ) បានចេញមុខធ្វើការដោះស្រាយសងការខូចខាតជាមួយម្ចាស់រថយន្តឈ្មោះ គីម ហេង ជំនួសឈ្មោះ ឌី រួចហើយ។

ពេលនោះ ឈ្មោះ ប៉ែន ផល្លា ក៏អូសរ៉ឺម៉កចូលខាង ស្រាប់តែឈ្មោះ ហេង សុវណ្ណដារ៉ា (អធិការរងខណ្ឌច្បារអំពៅ) ស្លៀកពាក់ស៊ីវិលជិះម៉ូតូមកដល់ស្គាល់ម្ចាស់រថយន្តក៏សួរនាំ រួចឈ្មោះ គីម ហេង ប្រាប់ថាមានបុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កបុករថយន្តរបស់ឈ្មោះ ឌី រួចឈ្មោះ ហេង សុវណ្ណដារ៉ា ពុំបានសួរនាំរឿងហេតុដឹងសព្វគ្រប់អស់ទេ ក៏ទៅចាប់ទាញដៃឈ្មោះ ប៉ែន ផល្លា មិនឲ្យអូសម៉ូតូចេញទៅណា ហើយក៏ឈ្លោះប្រកែកគ្នា រួចឈ្មោះ ហេង សុវណ្ណដារ៉ា ក៏ជេរឈ្មោះ ប៉ែន ផល្លា ថាអាចុយម្រាយ ថែមទាំងទាញកអាវប្រតាយប្រតប់គ្នា រួចឈ្មោះ ប៉ែន ផល្លា វាយឈ្មោះ ហេង សុវណ្ណដារ៉ា របួសក្បាល១កន្លែង និងបែកមាត់ ចំណែក ឈ្មោះ ប៉ែន ផល្លា របួសកំភូនដៃខាងស្តាំ។

បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចចុះអន្តរាមន៍ហៅឈ្មោះ ហេង សុវណ្ណដារ៉ា និងឈ្មោះ ប៉ែន ផល្លា មកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធន៍ ដើម្បីធ្វើការសាកសួរ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានសុំគោលការណ៍ពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ហេង ផេង ព្រះរាជអាជ្ញារង ដើម្បីឃាត់ខ្លួនឈ្មោះ ប៉ែន ផល្លា នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ ប្រហែល១ម៉ោងក្រោយមកលោកព្រះរាជអាជ្ញារង ក៏ទាក់ទងមកអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីធានា និងធ្វើកិច្ចសន្យាឈ្មោះ ប៉ែន ផល្លា ឲ្យត្រលប់ទៅលំនៅដ្ឋានវិញជាបណ្តោះអាសន្ន។

បច្ចុប្បន្នសមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

ជាក់ស្តែងសំណុំរឿងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចំណាត់ការបន្តផ្នែកច្បាប់នឹងត្រូវអនុវត្ត ចំពោះការអនុញ្ញាតិឲ្យជនបង្កដែលមានអ្នកធានា និងធ្វេីកិច្ចសន្យាឲ្យត្រឡប់ទៅគេហដ្ឋានវិញជាបណ្តោះអាសន្ន ជាការអនុញ្ញាតិរបស់លោកព្រះរាជអជ្ញាររង ។

អត្ថបទដែលជាប់ទាក់ទង