ព្រះសង្ឃវត្តសុវណ្ណគីរី ឆាន់ចង្ហាន់ក្នុងមុង ដោយសារសត្វរុយ ដែលកើតមកពីគំនរសំរាម នៅក្បែរវត្ត
ខេត្តកំពង់ស្ពឺ ៖ ព្រះសង្ឃវត្តសុវណ្ណគីរី ហៅភ្នំកំប៉ូត ស្ថិតក្នុងភូមិតាម៉ុល សង្កាត់/ក្រុងច្បារមន ឆាន់ចង្ហាន់ក្នុងមុង ដោយសារសត្វរុយ ដែលកើតមកពីគំនរសំរាម ដែលគេយកមកគរចោលមានចម្ងាយប្រហែល២០០ម៉ែត្រពីវត្ត ។
បើតាមពុទ្ធបរិស័ទដែលនាំយកចង្ហាន់ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តនេះ បានឲ្យដឹងថា រដូវនេះជារដូវបុណ្យភ្ជុំ ដូច្នេះហើយទើបមិនថា អ្នកនៅជិត ឬក៏ឆ្ងាយនោះទេ តែងតែនាំកូនចៅមានទាំងចង្ហាន់មកកាន់វត្ត ដើម្បីឧទ្ទិសកុសលដល់ញាតិកាទាំង៧សន្តានទៅកាន់លោកខាងមុខ តែអ្វីដែលជាការរំខាននោះ គឺសត្វរុយដែលហើរចេញពីគំនរសំរាមនៅក្បែរវត្តមកទំលើចានចង្ហាន់យ៉ាងច្រើនស្អេកស្កះមើលទៅគួរឲ្យព្រឺក្បាលខ្លាំងណាស់ ។
ដូច្នេះហើយទើបគណៈកម្មការវត្តព្រមទាំងពុទ្ឋបរិស័ទចំណុះជើងវត្តសម្រេចគ្នាថា មានតែដេរមុងឲ្យធំ ហើយយកមកចងគ្របពីលើនោះទេ ទើបព្រះសង្ឃអាចឆាន់ចង្ហាន់បាន ដោយគ្មានការរំខានពីសត្វរុយ ធ្វើដូច្នេះដោយសារតែគិតគូរពីព្រះសុខភាពព្រះសង្ឃ ។
លោកតាអាចារ្យម្នាក់បានឲ្យដឹងថា វត្តកំប៉ូតនេះមានព្រះសង្ឃគង់ជាង១០អង្គ ហើយបច្ចុប្បន្នអំឡុងពេលតាំងចូលវស្សា គឺមានតិចតួចនោះទេ ទើបតែដល់ពេលដាក់បិណ្ឌ (បុណ្យភ្ជុំ) រហូតមកដល់នេះ ណាមួយភ្លៀងផង ទើបសត្វរុយហើរមកកាន់តែច្រើន ហើរចេញមកពីគំនរសំរាមដែលនៅក្បែរវត្ត ។
ចំណែកពុទ្ធបរិស័ទបានសំណូមពរដល់លោកប្រធានមន្ទីរបរិស្ថាន សូមមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យ និងទប់ស្កាត់ផង ដើម្បីឲ្យអ្នកទៅធ្វើបុណ្យបានស្ងប់អារម្មណ៍រឿងសត្វរុយទំលើចង្ហាន់ ៕