ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម លើកទឹកចិត្តកងកម្លាំងនគរបាល បង្ក្រាបបានក្រុមប្រដាប់អាវុធ អនាធិបតេយ្យ ដោយផ្តល់ប្រាក់ ៥ម៉ឺនដុល្លារ

150

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធាន គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍​ សម្រាប់ការបោះឆ្នោត នៅថ្ងៃទី ២ខែតុលាឆ្នាំ ២០១៨នេះ បានធ្វើការលើកទឹកចិត្ត ដល់កងកម្លាំងនគរបាល ចំពោះការបង្ក្រាបក្រុមប្រដាប់អាវុធ អនាធិបតេយ្យ នាពេលថ្មីៗកន្លងទៅនេះ នូវទឹកប្រាក់ ៥០ ០០០ដុល្លារសហរដ្ឋអាមេរិក ។

គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងនគរបាលជាតិ បានធ្វើការស្រាវជ្រាវ និងធ្វើការឃាត់ខ្លួន សកម្មជន និង មេក្លោង ចលនាប្រដាប់អាវុខុសច្បាប់ នៅទូទាំងប្រទេស ចំនួន៩នាក់ ដោយរឹបអូសអាវុធវែង ៣០ដើម អាវុធខ្លីមួយដើម និង ឧបករណ៍ សម្ភារៈផ្សំគ្រឿងផ្ទុះ មួយចំនួនទៀត ។

លទ្ធផលនេះគឺ បានធ្វើឡើងក្រោមកិច្ចសហការរវាង កម្លាំងនគរបាលនាយកដ្ឋាន​​ ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខេត្តកំពត និងកម្លាំងនគរបាលខេត្តពោធិ៍សាត់ ក្រោមការបញ្ជាផ្ទាល់​ ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលនីតិវិធី របស់ព្រះរាជអាព្រះរាជអាជ្ញារាជធានី-ខេត្តទាំង៣។ នេះគឺជាក្រុមប្រដាប់អាវុធអាណាធិបតេយ្យ ដែលត្រូវបានបង្ក្រាបបន្ទាប់ពីការបង្កើត រាជរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៨នេះ ។

ក្នុងនាមគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត សម្តេចក្រឡាហោម ស ខេង តែងតែលើកទឹកចិត្ត និង ថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួម យ៉ាងសកម្មក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ បានយ៉ាងល្អប្រសើរ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅ ប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា ។ ជាមួយគ្នានេះសម្តេចក្រឡាហោម ធ្លាប់បានបញ្ជាក់អះអាងដែរថា ការសម្រេចបាននូវជោគជ័យ ក្នុងភារកិច្ចដ៏ថ្លៃថ្លានេះ ក៏មិនអាចកាត់ផ្តាច់បាន ពីការចូលរួមចំណែកយ៉ាង សំខាន់ពីប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ដែលបានបង្ហាញពីភាពចាស់ទុំ ខាងនយោបាយ និងភាពសុខដុមរមនា ក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំងមូល ទៅដល់សកលលោក បានឃើញច្បាស់នូវសមិទ្ធផល និងផ្លែផ្កានៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ។

គួរឲ្យដឹងដែរថា កន្លងទៅសម្តេចក្រឡាហោម ក៏ធ្លាប់បានប្រកាស ផ្តល់ប្រាក់រង្វាន់ ក្នុងការលើកទឹកចិត្ត ដល់កងកម្លាំង ដែលធ្វើការឃាត់ខ្លួន ព្រមទាំងរឹបអូសនូវសារធាតុថ្នាំញៀនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង