ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ ត្រូវបានបង្ក្រាបនៅខេត្តព្រះវិហារ

189

ភ្នំពេញ៖នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ថា មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ទាំង៨នាក់ ដែលប៉ុនប៉ងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កអសន្ដិសុខ និងឈានចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជានោះត្រូវបានចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី២ ខែតុលានេះ នៅក្នុងទឹកដីខេត្តព្រះវិហារ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា បុរសជនសង្ស័យជាមេខ្លោង ដែលត្រូវបានចាប់ខ្លួននេះមានឈ្មោះ ប្តិន្តិ៍ ថងឌី (BDIN THORNGDI) ហៅ ដួង ហៅ ក្រូច ភេទប្រុស អាយុ៤៤ឆ្នាំ នៅក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន ក្នុងពេលបើកប្រតិបត្តិការចាប់ខ្លួន ជនសង្ស័យខាងលើនេះដែលរួមមានអាវុធ២ដើម (ខ្លី០១ដើម វែង០១ដើម) គ្រឿងផ្ទុះ និងសារធាតុផ្សំគ្រឿងផ្ទុះមួយចំនួន។ ជនសង្ស័យ និងវត្ថុតាងកំពុងត្រូវបានបញ្ជូនពីខេត្តព្រះវិហារ មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ ត្រូវបានឃុំខ្លួនដាក់ ពន្ធនាគារកាលពីថ្ងៃទី១តុលា ក្រោមបទចោទប្រកាន់ពីការជួញដូរអាវុធខុសច្បាប់។

សម្រាប់ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង៨នាក់នេះ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានធ្វើឡើងតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយចាប់ផ្ដើមដំបូងចុះបង្ក្រាបនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ របស់កម្លាំងនគរបាលប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្ម​ឆ្លងដែន សហការជាមួយប៉ុស្ដិ៍នគរបាល ដោយមានការឃាត់ខ្លួនជនសង្ស័យមួយចំនួន និងអាវុធប្រភេទ AK ស្វាយបត់ ចំនួន២៥ដើម

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធាន គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍​ សម្រាប់ការបោះឆ្នោត នៅថ្ងៃទី ២ខែតុលាឆ្នាំ ២០១៨នេះ បានផ្តល់ទឹកប្រាក់ ៥០.០០០ដុល្លារ ដល់កងកម្លាំងនគរបាល ជាការលើកទឹកចិត្ត ចំពោះការបង្ក្រាបក្រុមប្រដាប់អាវុធ អនាធិបតេយ្យ នាពេលថ្មីៗកនេះ ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងនគរបាលជាតិបានស្រាវជ្រាវ និង ធ្វើការចាប់ខ្លួន សកម្មជន និង មេខ្លោង ចលនាប្រដាប់អាវុខុសច្បាប់នៅទូទាំងប្រទេសចំនួន៩នាក់ ដោយរឹបអូសអាវុធវែង៣០ដើម អាវុធខ្លីមួយដើម និង ឧបករណ៍ សម្ភារៈផ្សំគ្រឿងផ្ទុះមួយចំនួនទៀត ។ លទ្ធផលនេះគឺ បានធ្វើឡើងក្រោមកិច្ចសហការរវាង កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខេត្តកំពត និងកម្លាំងនគរបាលខេត្តពោធិ៍សាត់ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលនីតិវិធីរបស់ព្រះរាជអាព្រះរាជអាជ្ញារាជធានី-ខេត្តទាំង៣។ នេះគឺជាក្រុមប្រដាប់អាវុធអាណាធិបតេយ្យ ដែលត្រូវបានបង្ក្រាបបន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៨នេះ ។

សូមរំលឹកថា ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សម្តេចក្រឡាហោម ស ខេង តែងតែលើកទឹកចិត្ត និង ថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈបានយ៉ាងល្អប្រសើរ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា ។ ជាមួយគ្នានេះសម្តេចក្រឡាហោម ធ្លាប់បានបញ្ជាក់អះអាងដែរថា ការសម្រេចបាននូវជោគជ័យក្នុងភារកិច្ចដ៏ថ្លៃថ្លានេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាង សំខាន់ពីប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ដែលបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងភាពសុខដុមរមនាក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំងមូល ទៅដល់សកលលោក បានឃើញច្បាស់នូវសមិទ្ធផល និងផ្លែផ្កានៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង