ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនួន ផារ័ត្ន៖ ការអភិវឌ្ឃរាជធានីភ្នំពេញ ធ្វើឡើងសុទ្ធតែ មានផែនការនិងទិសដៅច្បាស់លាស់

75

 

ភ្នំពេញ៖ ការអភិវឌ្ឃរាជធានីភ្នំពេញ មិនមែនធ្វើឡើងដោយការប្រថុយប្រថាននោះទេ ពោលគឺសុទ្ធតែមាន ផែនការនិងទិសដៅច្បាស់លាស់។ ជាក់ស្តែងសម្រាប់
ប្រព័ន្ធអនាម័យសម្រាប់រាជធានីភ្នំពេញ ក៏ត្រូវបាន
រៀបចំជាផែនការមេច្បាស់លាស់មួយដែរ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបើកសិក្ខាសាលាមួយ ស្ដីពីផែនការមេនៃប្រព័ន្ធ សម្រាប់ទាំងអស់គ្នាក្នុងទីក្រុងសម្រាប់ រាជធានីភ្នំពេញ ដែលអង្គសិក្ខាសាលាចុងក្រោយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើក កម្ពស់អនាម័យ និងសុខុមាលភាពដល់ប្រជាពលរដ្ឋទាំងអស់ នៅឆ្នាំ ២០៣៥ ដោយផ្តោតសំខាន់លើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់បង្គន់។

នេះជាការលើកឡើងរបស់លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសិក្ខាសាលា ស្តីពី ផែនការមេនៃប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នា ក្នុងទីក្រុងសម្រាប់រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ។
លោកនួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា៖ អង្គសិក្ខាសាលានេះ ជាអង្គសិក្ខាសាលាចុងបញ្ចប់ សម្រាប់ការរៀបចំផែនការ មេនៃប្រព័ន្ធអនាម័យសម្រាប់រាជធានីភ្នំពេញ របស់គម្រោង “ការធ្វើឱ្យ ប្រសើរឡើងនូវប្រព័ន្ធអនាម័យក្នុងរាជធានីភ្នំពេញ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ រវាង រដ្ឋបាលរាជធានីភ្នំពេញ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន អនុម័តថវិកាសម្រាប់ការអនុវត្តគម្រោង “ ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធអនាម័យក្នុងរាជធានីភ្នំពេញ “ កាលពីឆ្នាំ២០២០ ក្រុមការងារបច្ចេកទេស (TA) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ផ្តើមអនុវត្តគម្រោង នៅខែមករា ឆ្នាំ២០២១ និងតាមការគ្រោងទុកនឹងបញ្ចប់នៅចុងឆ្នាំ ២០២២នេះ។

លោកនួន ផារ័ត្ន បានបន្តថា៖ ផែនការមេ ស្តីពីប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុង មានគោលបំណងធ្វើអោយរាជធានីភ្នំពេញ អាចបំពេញតាមគោលដៅរបស់ខ្លួន ក្នុងការកែលម្អប្រព័ន្ធអនាម័យក្នុងទីក្រុង។ ពោលគឺ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (Cambodia Sustaincible Development Goals, CSDG) ដែលបានកំណត់ថា ប្រព័ន្ធ អនាម័យត្រូវតែគ្រប់គ្រងដោយសុវត្ថិភាពឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ដើម្បីទទួលជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធអនាម័យ ទាមទារឱ្យមានការអភិវឌ្ឍផែនការមេរួមបញ្ចូលគ្នាមួយ ហើយដើម្បី ទទួលបាននៅផែនការមេដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទាមទារ ឱ្យក្រុមការងារបច្ចេកទេសរៀបចំការវាយតម្លៃស្ថានភាពអនាម័យ បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ។

ការវាយតម្លៃបានបញ្ចប់កាលពីខែ ធ្នូ ឆ្នាំ២០២១ ហើយការវាយតម្លៃនេះ ត្រូវបានរៀបចំឡើងជាពីរដំណាក់កាល ដោយដំណាក់កាលដំបូងមានការពិនិត្យឡើងវិញលើឯកសារពាក់ព័ន្ធផ្សេងៗ និងការប្រមូលទិន្នន័យ ដោយមានការជួប សម្ភាសន៍ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅសហគមន៍ក្រីក្រ ក្រុមហ៊ុនឯកជន ដែលផ្តល់សេវាផ្នែកបូមលូ មន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងអ្នកជំនាញរបស់ JICA, និង សមាគម AIMF ។ ក្រៅពីនេះ ក្រុមការងារក៏បានចុះសង្កេតមើលអ្នកផលិតទឹកកខ្វក់ មានដូចជា សហគ្រាសឧស្សាហកម្ម សាលារៀន មណ្ឌលសុខភាព បណ្តាផ្សារ ខុនដូ ផងដែរ។
លោកបន្តទៀតថា៖ សេចក្តីព្រាង ផែនការ មេស្តីពីប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុង ទីក្រុង គឺកើតចេញពី ការចូលរួមផ្តល់ធាតុចូលពីភាគីពាក់ព័ន្ធជាច្រើន។ សិក្ខាសាលានាពេលនេះក៏បានធ្វើបទបង្ហាញដោយសង្ខេបអំពីសេចក្តីព្រាងចុងក្រោយ នៃផែនការ ដើម្បី ចូលរួមជាមតិយោបល់ចុងក្រោយ លើការកែលម្អបន្ថែមទៀត ឬផ្តល់នូវធាតុចូលបន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាឱ្យផែនការមេនៃប្រព័ន្ធ អនាម័យក្លាយជាឧបករណ៍ដែលអាចប្រើប្រាស់បាន និងមានតម្លៃ។
ពាក់ព័ន្ធសំណល់រឹងនៅរាជធានីភ្នំពេញ យើងបានបង្កើតអោយមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ដែលធ្វើអោយការប្រមូលនិងដឹកជញ្ជូនសំរាមល្អប្រសើរជាងមុន។ សម្រាប់សំណល់រាវវិញ យើងបានកសាងស្ថានីយប្រតិកម្មទឹកកខ្វក់នៅជើងឯកនិងកសាងស្ថានីយ ប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលជាដើម ដែលនេះជាចំណុចចាប់ផ្តើមថ្មីមួយ។

លោក អាន់ តូនីហ្សៀល Anthony Gill, ប្រធានអង្គភាពរដ្ឋបាលគ្រប់គ្រង លទ្ធផលគម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី (Head Portfolio Administration Unit, ADB) បានមានប្រសាសន៍លើកឡើងផងដែរថា៖ គម្រោងប្រតិកម្មទឹកកខ្វក់និងអនាម័យ ជាជំនួយរបស់ប្រទេសជប៉ុនជួយមកកម្ពុជា ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលមានចំនួនទឹកប្រាក់ជាង៥០០លានដុល្លារ។ លោកថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងបន្តគាំទ្រចំពោះបញ្ហាប្រឈមនានារបស់កម្ពុជា សម្រាប់១០ឆ្នាំបន្តទៀត៕

       

អត្ថបទដែលជាប់ទាក់ទង