អភិបាលខេត្តកណ្តាល ទទួលយកពាក្យបណ្តឹង របស់លោក វ៉ែន ខុន ដែលសុំប្តឹងលោកវរសេនីយ៍ឯក សំណាង ឋានៈអធិការ នៃអធិការដ្ឋាននគរបាលស្រុក កៀនស្វាយ ពីបទដោះលែងជនបង្កហេតុបើកបរកុងទីន័រ បុកជនរងគ្រោះ បណ្តាលឱ្យស្លាប់ចំនួន០២នាក់
កណ្តាល ៖ យោងតាមពាក្យបណ្តឹង, លោក វ៉ែន ខុន អាយុ ៤៥ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ៖ ០២១១១៩២៨៣ ចុះថ្ងៃទី អាសយដ្ឋាន ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទូរស័ព្ទលេខ៖ ០៧១ ៣៥១ ៥៥៥៥ / ០១៦ ៧៥៥ ៩១៦ (ត្រូវជាពូបង្កើតរបស់សពឈ្មោះ ម៉ុន សុខា ភេទប្រុស អាយុ ១៨ឆ្នាំ)។ ២/នាងខ្ញុំឈ្មោះ អ៊ុក សុខា អាយុ ៥០ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០៥១៦៨ ១២៤៤ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ អាសយដ្ឋាន ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាម្តាយបង្កើតរបស់សពឈ្មោះ ស៊ន កុសល់ ហៅ សាន់ ភេទប្រុស អាយុ ២៨ឆ្នាំ)។
កម្មវត្ថុ ៖ សុំប្តឹងលោកវរសេនីយ៍ឯក សំណាង ឋានៈអធិការ នៃអធិការដ្ឋាននគរបាលស្រុក កៀនស្វាយ ខេត្តកណ្តាល ពីបទ ដោះលែងជនបង្កហេតុបើកបរកុងទីន័រ បុកជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗចំនួន០២នាក់។
តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម អភិបាល មេត្តាជ្រាបអំពីអង្គហេតុដូចតទៅ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២៖៣០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បង្កឡើងដោយរថយន្តសណ្តោងកុងទីន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-3774. បានធ្វើដំណើរពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុបានបើក បំពានគំនូសកណ្តាលលយចូលទៅផ្លូវអាទិភាពម្ខាងទៀត បណ្ដាលឱ្យបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ពាក់ ស្លាកលេខ៖ កណ្តាល 1AQ-7370 ដែលបើកបញ្ច្រាសទិសគ្នា អូសប្រហែល២០០ម៉ែត្រ បែកផ្កាភ្លើងព្រាត បណ្តាលឱ្យជនរងគ្រោះដែលបើកម៉ូតូចំនួន០១នាក់និងអ្នករួមដំណើរចំនួន០១នាក់ទៀត (ឈ្មោះ ស៊ន កុសល់ ហៅ សាន់ ភេទប្រុស អាយុ ២៨ឆ្នាំ និងឈ្មោះ ម៉ុន សុខា ភេទប្រុស អាយុ ១៨ឆ្នាំ) ស្លាប់នៅនឹងកន្លែងភ្លាមៗ ដោយឡែកអ្នករួមដំណើរម្នាក់ទៀតបានធ្លាក់ពីលើម៉ូតូ(រងរបួសស្រាល)។ ក្រោយកើតហេតុ សមត្ថកិច្ចបាន ចុះមកដល់កន្លែងកើតហេតុ…នឹងធ្វើការឃាត់ខ្លួនជនបង្កដែលបើកបររថយន្តខាងលើយកទៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ នឹងហៅអ្នករួមដំណើរដែលធ្លាក់ពីម៉ូតូទៅបំភ្លឺផងដែរ ក្នុងអំឡុងពេលសាកសួរ មេធាវីរបស់ជនបង្កបានបង្ខំជនរងគ្រោះឱ្យទទួលសំណងចំពោះអ្នកស្លាប់ក្នុងម្នាក់២លានរៀល បើមិនយកទេឡើងទៅលើទៀតគឺមិនសងឡើយ តែជនរងគ្រោះមិនព្រម។ បន្ទាប់ពីសាកសួររួច ស្រាប់តែសមត្ថកិច្ចបាន សម្រេចដោះលែងជនបង្កខាងលើ និងប្រគល់កន្ទុយកុងទីន័រទៅឱ្យម្ចាស់ថែមទៀត ដោយមិនមានសំណងជូន ជនរងគ្រោះទាល់តែសោះ។
ពេលនេះកូនចៅជាប្រជាពលរដ្ឋដែលតែងតែគោរព និងស្រលាញ់ការដឹកនាំរបស់ ឯកឧត្តម អភិបាល រួមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែផ្តល់នូវសេចក្តីសុខ និងសន្តិភាពជូនប្រជាពលរដ្ឋ ពេលនេះកូនចៅបានជួបប្រទះនូវទុក្ខលំបាក ហើយ ដោយសារតែអំពើដ៏អយុត្តិធម៌ក្រៃលែងខាងលើ ធ្វើឱ្យយើងខ្ញុំជាជនរងគ្រោះពិតជាឈឺចាប់បំផុត នឹង អស់សង្ឃឹមយ៉ាងខ្លាំងក្នុងការស្វែងរកយុត្តិធម៌ ពាក់ព័ន្ធទៅនឹងសោកនាដកម្មដ៏សង្រេងបែបបនេះ។ សព្វថ្ងៃ សូម្បីតែប្រាក់ដែលត្រូវធ្វើបុណ្យសពក៏យើងខ្ញុំត្រូវខ្ចីចងការគេយកមកធ្វើដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំគោរពស្នើសុំ ឯកឧត្តម អភិបាល ដែលជា ប្រមុខរបស់ខេត្តមេត្តាជួយដោះស្រាយ វែកញែក រកខុស រកត្រូវ រកស រកខ្មៅ ជូនជាតិមាតុភូមិនិងប្រជាពល រដ្ឋជាកូនជាចៅ ដោយក្តីអនុគ្រោះបំផុត។