ពិតជាខ្លាំងមែន ! ឱក សុគន្ធកញ្ញា ឋានៈជាតារាចម្រៀង ត្រូវក្រុមហ៊ុនចិនមួយ អញ្ជើញធ្វើជាឯកអគ្គរាជទូត
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរ តាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅពេលដែលពួកគាត់ ឈប់រង់ចាំស្តុបនានានោះ ស្រាប់តែឃើញក្មេងប្រុសស្រីជាច្រើននាក់ កាន់ក្រដាសមួយសន្លឹក ដែលមានរូបថតតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា មកចែកជូន ដែលមានការសរសេរថា ឱក សុគន្ធកញ្ញាត្រូវបានក្រុមហ៊ុន R&F Glory អញ្ជើញមកធ្វើជាឯកអគ្គរាជទូតតំណាងក្រុមហ៊ុន។
អ្នកដំណើរតាមដងផ្លូវ បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង នូវពាក្យមួយឃ្លាដែលខ្លឹមសារថា “ឯកអគ្គរាជទូតតំណាងក្រុមហ៊ុនR&F Glory” ។ ប្រភពបានបន្តថា ក្រុមហ៊ុន R&F Glory ហាក់បីដូចជាលើកតម្កើង ឱក សុគន្ធកញ្ញា ជ្រុលពេកហើយទេដឹង? ប្រយ័ត្នលិចខោស្លីប។ ប្រភពដដែល បានបន្តថា ព្រោះពាក្យ “ឯកអគ្គរាជទូត” គឺមានន័យខ្ពង់ខ្ពស់ណាស់ ដែលតំណាងឲ្យប្រទេសទាំងមូល ហើយបុគ្គលរូបនោះ ដែលបានទទួលងារនេះ ទាល់តែមានឡាយព្រះហស្តលេខាពីព្រះមហាក្សត្រថែមទៀតផង តាមការស្នើសុំពីរដ្ឋមន្រ្តីក្រសួងការបរទេស និងពីប្រមុខរាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋបានលើកឡើងជាចម្ងល់ថា ចុម ! អត់ដឹង ឱក សុគន្ធកញ្ញា ឡើងធ្វើជាឯកអគ្គរាជទូតតាំងពីពេលណា ? ទើបបានប្រជាពលរដ្ឋទូទាំងប្រទេសអត់ដឹងសោះអីចឹង។ ប្រភពបានបន្តថា ធ្លាប់តែឃើញឯកអគ្គរាជទូតជាច្រើនរូប ដែលត្រូវគេផ្សាយតាមទូរទស្សន៍ តាមកាសែត បណ្តាញសង្គមនានា ក្រោយការតែងតាំងពីព្រះមហាក្សត្រហើយ ទើបទៅបំពេញការងារតំណាងឲ្យប្រទេសជាតិរបស់ខ្លួនបាន នៅតាមបណ្តាលប្រទេសជាមិត្តនានា នៅលើពិភពលោក ប៉ុន្តែអត់ដែលឃើញ ឱក សុគន្ធកញ្ញា សោះ។
មជ្ឈដ្ឋាននានា ក៏ដូចជា អ្នកជំនាញ និងមន្រ្តីនានា តាមការសាកសួររបស់អ្នកសារព័ត៌មាន ពួកគាត់បានបញ្ជាក់ថា ឯកអគ្គរាជទូត គឺមិនមែនតំណាងឲ្យក្រុមហ៊ុនមួយនោះទេ គឺតំណាងឲ្យប្រទេសជាតិទាំងមូល ដូចជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េ ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសអាមេរិក ជាដើម ទើបគេប្រើពាក្យថា ឯកអគ្គរាជទូត ។ ប៉ុន្តែត្រឹមឋានៈក្រុមហ៊ុនមួយ ឬអង្គការ សមាគម មួយនោះ គឺប្រើពាក្យថា ទូតសុច្ឆន្ទៈ ឬទូតតំណាង តែប៉ុណ្ណោះ៕