រដ្ឋសភាវាយតម្លៃខ្ពស់ ពីលទ្ធផលមហាសន្និបាត អន្តរសភាអាស៊ាន(AIPA)លើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះកាលពី ចុងខែវិច្ឆិកាកន្លងមកនេះ
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីត្រួតពិនិត្យលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋសភាបានអនុវត្តនាពេលកន្លងមក។
នៅក្នុងកិច្ចប្រជុំនេះបានធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃលើការងាររៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-43) ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកាកន្លងមកថា ទទួលបានជោគជ័យធំធេង នាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិ នៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសភានានាទាំងកម្រិតទ្វេភាគី និងពហុភាគីឱ្យកាន់តែទូលំទូលាយគ្រប់ជ្រុងជ្រោយឡើង។
មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធធ្វើឡើងពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់” ដែលជាមូលបទឆ្លើយតប សភាពការណ៍ជាក់ស្តែងក្នុងតំបន់ និងសកលលោក ក្រោយការរាតត្បាតជំងឺកូវីដ-១៩។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបានអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
សម្តេចបានអរគុណ ចំពោះថ្នាក់ដឹកនាំរដ្ឋសភា អគ្គលេខាធិការដ្ឋសភា មន្រ្តីរាជការ ព្រមទាំងក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារលះបង់កម្លាំងកាយចិត្ត បំពេញតួនាទីបម្រើដល់មហាសន្និបាតឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕