ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វឌ្ឍនភាព នៃការដោះស្រាយវិវាទការងាររួម នៅក្រុមហ៊ុន ណាហ្គាវើលដ៏ នៅថ្ងៃទី២១ ខែធ្នូ

129

 

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៏ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ក្រសួងបានបន្ត សម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិតដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ជាលើកទី២២ ដោយមានឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ជាអ្នកសម្របសម្រួល និង ជាប្រធានអង្គប្រជុំ, តំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី វី សុវណ្ណឌី, លោកស្រី ហៃ សុភាព និង លោកស្រី សុន ស្រីពេជ្រ និងតំណាងភាគីនិយោជក រួមមាន លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង។

ឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគី ទាំងពីរអាចទទួលយកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯភាគី តំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។ ដូច្នេះ ភាគីទាំងពីរឯកភាពកំណត់កាលបរិច្ឆេទ ប្រជុំបន្ទាប់ នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី ដើម្បីមានឱកាសពិចារណាឡើង វិញអំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។

ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាច ស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង