ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹងពី ព័ត៌មាននៃការសាកសួរភ្ញៀវទេសចរ អំពីចំនួនទឹកប្រាក់យកតាមខ្លួន មុនចូលមកកម្ពុជា

41

 

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងលេខ ៤៩៣ សជណ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្តីពី ព័ត៌មាននៃការសាកសួរភ្ញៀវទេសចរ អំពីចំនួនទឹកប្រាក់យកតាមខ្លួន មុនចូលមកព្រះរាជាណាចក្រកម្ពុជា។

ថ្មីៗនេះ មានព័ត៌មានមួយចំនួនបានលើកឡើងពីការកំណត់លក្ខខណ្ឌឲ្យភ្ញៀវទេសចរត្រូវមាន សាច់ប្រាក់តាមខ្លួនចំនួន១.០០០ (មួយពាន់) ឬ២.០០០ (ពីរពាន់)ដុល្លារ មុនចូលមកព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក៏មានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានសាកសួរភ្ញៀវទេសចរឲ្យបង្ហាញសាច់ប្រាក់ ចំនួន ១.០០០ (មួយពាន់) ឬ ២.០០០ (ពីរពាន់) ដុល្លារ មុនអនុញ្ញាតឲ្យឡើងជិះយន្តហោះ។

យោងតាមកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវ ទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស “គ.អ.ច.ទ.” កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងទេសចរណ៍មានកិត្តិយសសូមធ្វើការបញ្ជាក់ជូន សាធារណជន ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងភ្ញៀវទេសចរទាំងអស់ ឲ្យបានជ្រាបថា៖

១. រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយណាមួយ តម្រូវឲ្យភ្ញៀវទេសចរមានសាច់ប្រាក់ តាមខ្លួនចំនួន ១០០០ (មួយពាន់) ឬ ២.០០០ (ពីរពាន់) ដុល្លារ ដើម្បីអាចចូលមកព្រះរាជាណាចក្រកម្ពុជានោះទេ។

២. ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់យកតាមខ្លួន គឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញ ដែលមានសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ ដែលត្រូវធ្វើឡើងតែចំពោះករណីសង្ស័យមួយចំនួន តែប៉ុណ្ណោះ មិនប្រកាន់ភ្ញៀវទេសចរជនជាតិណាឡើយ និងមិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវ ទេសចរទាំងអស់នោះទេ។

ក្រសួងទេសចរណ៍សូមលើកទឹកចិត្តឲ្យភ្ញៀវទេសចរទាំងអស់ គោរពតាមលក្ខខណ្ឌតម្រូវរបស់ ព្រះរាជាណាចក្រកម្ពុជា និងសូមស្វាគមន៍ភ្ញៀវទេសចរទាំងអស់ មកទស្សនាព្រះរាជាណាចក្រកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង