ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ និង AFD ផ្សព្វផ្សាយសមិទ្ធផលការងាររួមគ្នា ក្រោយអនុវត្តជាង៤ឆ្នាំ

119

 

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានធ្វើសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលនៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ក្រោយអនុវត្តការងារនេះជាមួយគ្នារយៈពេល៤ឆ្នាំកន្លះ។

សិក្ខាសាលានេះធ្វើឡើងនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌ្រីន ប៊ូស្សេ នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា។

ឯកឧត្ដម អាំង សុវណ្ណរ័ត្ន អគ្គនាយករងនៃក្រសួងទេសចរណ៍ និងជានាយកកម្មវិធី TCBP បានឱ្យដឹងថា កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) បានចាប់ផ្ដើមអនុវត្តចាប់ពីពាក់កណ្ដាលឆ្នាំ២០១៨ដល់ឆ្នាំ២០២២ ពោលគឺមានរយៈពេល៤ឆ្នាំកន្លះ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ដោយមានការចូលរួមធាតុចូល និងសម្របសម្រួលពីអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិ និងនាយកដ្ឋានជំនាញពាក់ព័ន្ធចំណុះឱ្យក្រសួងទេសចរណ៍ ការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងរដ្ឋបាលរាជធានី-ខេត្ត ការចូលរួមពីវិស័យឯកជន និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

ឯកឧត្ដម អាំង សុវណ្ណរ័ត្ន បានបន្តថា ជាលទ្ធផល កម្មវិធី TCBP នេះបានអនុវត្តលើសកម្មភាព១៨ធំៗ ហើយបើបែងចែកតូចៗទៀតគឺមានច្រើនជាង២៤សកម្មភាព ដែលផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពក្រសួងទេសចរណ៍ ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា, ការពង្រឹងសមត្ថភាពវិស័យឯកជនក្នុងវិស័យទេសចរណ៍, ការសិក្សាស្រាវជ្រាវ និងការអនុវត្តគម្រោងគំរូ។

ឯកឧត្ដម អាំង សុវណ្ណរ័ត្ន បានរៀបរាប់លម្អិតថា នៅក្នុងការសកម្មភាពទាំងនោះ ក្រុមការងារបានសិក្សាពីខ្សែច្រវាក់តម្លៃផលិតកម្ម និងការបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុកក្នុងវិស័យទេសចរណ៍ សំដៅជំរុញអន្តរកម្មនិងការតភ្ជាប់ខ្សែច្រវាក់តម្លៃផលិតកម្មក្នុងស្រុក (កសិកម្ម សិប្បកម្ម ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មច្នៃប្រឌិត) ជាមួយវិស័យទេសចរណ៍ ស្របតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាទីផ្សារដ៏ធំសម្រាប់កសិករ សិប្បករ និងផលិតករក្នុងស្រុក តាមរយៈការនាំចេញនៅនឹងកន្លែង។

ក្រុមការងារអនុវត្តកម្មវិធី TCBP បានសិក្សាវិភាគឥទ្ធិពលសង្គមសេដ្ឋកិច្ចនៃទីផ្សារទេសចរចិនមកលើវិស័យទេសចរណ៍និងសេដ្ឋកិច្ចកម្ពុជា ដោយចិននៅតែជាទីផ្សារដ៏ចម្បងបំផុតមួយសម្រាប់កំណើនទេសចរណ៍កម្ពុជានៅក្នុងពេលចំពោះមុខ និងទៅអនាគត។ លទ្ធផលនៃការសិក្សានេះនឹងចូលរួមដល់ការរៀបចំផែនការយុទ្ធសាស្រ្តក្នុងការជួយទ្រទ្រង់តម្រូវការទីផ្សារចិន និងចាត់វិធានការចំពោះតម្រូវការ និងការផ្គត់ផ្គង់ឱ្យមានរចនាសម្ពន្ធគ្រប់គ្រងត្រឹមត្រូវ ក៏ដូចជាបង្កើតមូលដ្ឋានច្បាស់លាស់ ដើម្បីឱ្យវិស័យទេសចរណ៍កាន់តែមានសក្ដានុពល កាន់តែមានគុណភាព និងនិរន្តរភាព។

ក្រុមការងារអនុវត្តកម្មវិធី TCBP បានរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុង (Urban Tourism Plan) ដោយចាប់ផ្តើមសិក្សានៅខណ្ឌដូនពេញ ដែលត្រូវជំរុញឱ្យការអនុវត្តមានប្រសិទ្ធភាពខ្ពស់ ក្រោយការអនុម័តជាផ្លូវការ និងជាពិសេសត្រូវយកគំរូនៃការអនុវត្តនេះទៅរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងនៅតាមបណ្តាក្រុង ខណ្ឌនៅទូទាំងប្រទេស។

ក្រុមការងារអនុវត្តកម្មវិធី TCBP បានបង្កើតគំរូមគ្គុទ្ទេសក៍ទេសចរណ៍ឆ្លាតវៃ ដោយសាកល្បងដំបូងនៅខណ្ឌដូនពេញដែរ និងបានបង្កើតកម្មវិធីទូរស័ព្ទ (Mobile App) សម្រាប់គោលដៅទស្សនាចរណ៍នៅខណ្ឌដូនពេញ ចូលរួមជំរុញការអភិវឌ្ឍទេសចរណ៍ឆ្លាត ដែលជាទិសដៅដ៏សំខាន់មួយរបស់កម្ពុជា។

ក្រុមការងារអនុវត្តកម្មវិធី TCBP បានបង្កើតផែនការអភិវឌ្ឍន៍រួមនៅរមណីយដ្ឋានទេទឹកពុះ ទំនប់តាសាល និងអន្លង់ភេតាពយ ដោយបានសិក្សាស្រាវជ្រាវពីសក្តានុពលនានានៃតំបន់ទេទឹកពុះ និងតំបន់ជុំវិញ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រម្រាប់ការអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់នេះ ដែលជាគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល និងភាពទោល។

ក្រុមការងារអនុវត្តកម្មវិធី TCBP បានសិក្សាលទ្ធភាពនៃការបង្កើតមជ្ឈមណ្ឌលអង្កេតតាមដានស្ថានភាពទេសចរណ៍កម្ពុជា (Tourism Observatory) ដែលនឹងជួយជំរុញការសិក្សាស្រាវជ្រាវ ការអង្កេត និងការប្រឹក្សាយោបល់លើទិដ្ឋភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ និងឥទ្ធិពលសេដ្ឋកិច្ច សង្គម បរិស្ថាន។

អត្ថបទដែលជាប់ទាក់ទង