ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្តជិត ​​៤​​ពាន់​​លាន​រៀល​​ ដល់​​ជ័យលាភី​​ ស៊ីហ្គេម​​ លើក​​ទី​៣១

397

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន ៣,៤៥៨,២០០,០០០រៀល របស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់​ជ័យ

លាភី​មេដាយ និង​គ្រូ​បង្វឹក គ្រូ​ជំនួយ​ពី​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា នៅ​ប្រទេស​វៀតណាម។

ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់​ជ័យលាភី​មេដាយ និង​គ្រូ​បង្វឹក គ្រូ​ជំនួយ​ពី​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម អស់លោកជាអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅទីស្តីការក្រសួងការពារជាតិ។

ជ័យលាភី​ជា​ម្ចាស់​​ម្ចាស់​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ​​មាន​ចំនួន​៩៣​នាក់ ព្រម​ទាំង​​គ្រូ​បង្វឹក និង​គ្រូ​ជំនួយ ​៤២​នាក់​​​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពីរាជ​​រដ្ឋាភិបាល។តាម​អនុក្រឹត្យ​រាជ​រដ្ឋាភិបាល មេដាយ​មាស១​គ្រឿង (១វិញ្ញាសា) ទទួល​បាន ​៤០លានរៀល​, មេដាយ​ប្រាក់​១​គ្រឿង​​ទទួល​បាន ​៣០​លានរៀល​ និង​មេដាយ​សំរឹទ្ធ១​គ្រឿង ទទួល​បាន ​១៦លានរៀល​។

សរុប​ម្ចាស់​មេដាយ​មាស ប្រាក់ សំរឹទ្ធ និង​គ្រូ​បង្វឹក​ ​គ្រូជំនួយ​ពី​ស៊ីហ្គេម លើក​ទី​៣១ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​​ថវិកា​ប្រមាណ​ជិត​ ៤០០០​លានរៀល។ គ្រូបង្វឹកទទួលបានប្រាក់រង្វាន់ ១០០% ស្មើនឹងកម្រិតមេដាយខ្ពស់ជាងគេ។ គ្រូជំនួយ​ទទួលបាន ៧០%នៃមេដាយដែល​អត្តពលិក​របស់ខ្លួនដណ្តើមបាន។

នៅចំពោះមុខកីឡាករ កីឡាការិនី, សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សហព័ន្ធកីឡាជាតិ ជាពិសេសគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើស
ជាតិទាំងអស់ ដែលបានរួមកម្លាំងគ្នារួមស្មារតី និងមានការប្តេជ្ញាចិត្តខ្ពស់ រហូតទទួលបានជ័យជម្នះ និងសមិទ្ធផលគួរជាទីសាទរជូនជាតិមាតុភូមិ។ លទ្ធផលទាំងនេះ ពិតជាបានបង្ហាញពីឆន្ទៈមោះ
មុតរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យកីឡាកម្ពុជាឱ្យបានស្មើមុខ ស្មើមាត់ទាំងក្នុងតំបន់ និងអន្តរជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សូមកោតសរសើរបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី បើទោះបីស្ថិតក្នុងកាលៈទេសៈការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស តំបន់ និងពិភពលោកក្តី ប៉ុន្តែកីឡាករ កីឡាការិនី នៅតែខិតខំប្រឹងប្រែងហ្វឹកហាត់ចូលរួមប្រកួតរហូតទទួលបានជ័យលាភីជាមោទនភាពសម្រាប់ប្រទេសកម្ពុជា។ ជោគជ័យនេះ បានបង្ហាញពីវិស័យកីឡាកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ មានវឌ្ឍនភាពល្អប្រសើរ ទាក់ទិននឹងគុណភាពកីឡាករ កីឡាការិនី។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគលើវិស័យកីឡាជាតិកាន់តែច្រើនឡើងៗនូវហេដ្ឋារចនា
សម្ព័ន្ធ ទាំងផ្នែកទន់រឹង តាមរយៈការសាងសង់ ជួសជុលទីលានប្រកួតគ្រប់ប្រភេទ ការហ្វឹកហាត់ បណ្តុះបណ្តាលធនធានមនុស្សជំនាញកីឡាទាំងក្នុង និងក្រៅប្រទេសការជួយឧបត្ថម្ភគាំទ្រគ្រប់ពេលវេលា គ្រប់ទីកន្លែង ការលើកកម្ពស់បំប៉នអាហាររូបត្ថម្ភប្រចាំថ្ងៃដល់ក្រុមជម្រើសជាតិ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ សំរិទ្ធ ក្នុងការប្រកួតអន្តរជាតិគ្រប់កម្រិត។

រាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ យុវជន និងកីឡា រួមជាមួយនឹងការគាំទ្រដ៏ផុលផុសរបស់ប្រជាជនកម្ពុជាគ្រប់រូបនៅរាល់ព្រឹត្តិការណ៍ប្រកួតកន្លងមក បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រឡាញ់ជាតិ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាឱ្យកាន់តែសម្បូរបែប និងខ្លាំងក្លាឡើងថែមទៀតជាពិសេសស័ក្តិសមនឹងពាក្យថា
«កីឡាជាទូតមួយដ៏សំខាន់លើឆាក
អន្តរជាតិ» «អរគុណសន្តិភាព កីឡារស់ក្នុងសន្តិភាព»។

សូមបញ្ជាក់ថា កម្ពុជា​ដណ្តើម​បាន​មេដាយ​​ពី​កីឡា​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ទី​ក្រុងហាណូយ ប្រទេស​វៀតណាម លើ១៥ ប្រភេទកីឡា ក្នុង​នោះ​មាស​៩​គ្រឿង ប្រាក់​១៣គ្រឿង​ និងសំរឹទ្ធ៤១គ្រឿង រួមមាន៖ទី១៖ កីឡាវ៉ូវីណាម ឈ្នះមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ៩ សរុប ១៤គ្រឿង, ទី២៖ កីឡាប៉ូល និងប៉េតង់ ឈ្នះមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៣ សរុប ៧គ្រឿង, ទី៣៖ កីឡាឃីកបុកស៊ីង ឈ្នះមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ១ សរុប ៥គ្រឿង, ទី៤៖ កីឡាចំបាប់ ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៦ សរុប ៦គ្រឿង, ទី៥៖ កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយមាស១ និងសំរឹទ្ធ៦ សរុប ៧គ្រឿង, ទី៦៖ កីឡាតេក្វាន់ដូ WT ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ សរុប ៥គ្រឿង, ទី៧៖ កីឡាកាយសម្ព័ន្ធ ឈ្នះមេដាយប្រាក់៣ និងសំរឹទ្ធ១ សរុប ៤គ្រឿង, ទី៨៖ កីឡាប្រដាល់សកល ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៣ សរុប ៤គ្រឿង, ទី៩៖ កីឡាការ៉ាតេ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង, ទី១០៖ កីឡាវូស៊ូ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង, ទី១១៖ កីឡាបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង, ទី១២៖ កីឡាយូដូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង, ទី១៣៖ កីឡាហែលទឹក ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង, ទី១៤៖ កីឡាជឺជីតស៊ូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង និងទី១៥៖ កីឡាទូករ៉ូអ៉ីង ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង