ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ខួបលើកទី២៤ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ និងខួប០៤ឆ្នាំ នៃវិមានឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានឈ្នះ ឈ្នះ

49

ភ្នំពេញ៖ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នឹងរៀបចំព្រឹត្តិការណ៍ខួបលើកទី២៤ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ និងខួបលើកទី០៤ឆ្នាំនៃវិមានឈ្នះ ឈ្នះ នៅរយៈពេលមួយសប្ដាហ៍ខាងមុខទៀតនេះ ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ការរៀបចំព្រឹត្តិការណ៍ខួបលើកទី២៤ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ គឺជាការរំឮកដឹងគុណចំពោះវីរភាពរបស់ស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ សាងសង់វិមានឈ្នះ ឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារ ស្នូលបីគឺ «ជីវិត អាជីព និងកម្មសិទ្ធិ » ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព មុខរបរ ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ដែលបានធ្វើឱ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយជាស្ថាពរបង្កើតបានសន្តិភាពពេញលេញនិងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សន្តិភាព និងស្ថិរភាពនយោបាយបានផ្តល់ឱកាសដ៏មាន តម្លៃបំផុតដែល ពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ និងសង្គមជាតិ។ និងបើកឱកាសឲ្យកងយោធពលខេមរភូមិន្ទ អាចរៀបចំខ្លួនជាអង្គភាពមានវិជ្ជាជីវៈច្បាស់លាស់ថែមទៀត នៅក្នុងកិច្ចការការពារ និងកសាងមាតុភូមិកម្ពុជា ជាពិសេសគឺការបំពេញភារកិច្ច ដូចជាការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធារាសាស្ត្រ សង្គ្រោះពេលមានគ្រោះមហន្តរាយ និងរួមវិភាគទានក្នុងនយោបាយការបរទេសរបស់កម្ពុជា តាមរយៈបេសកកម្មមនុស្សធម៌រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ដើម្បីរៀបចំ ព្រឹត្តិការណ៍ខាងលើអោយប្រព្រឹត្តទទួលបានលទ្ធផលល្អ ក្រសួងការពារជាតិបានសម្រេចបង្កើត គណកម្មការសម្រាប់រៀបចំព្រឹត្តិការណ៍ខួប២៤ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ និងខួប០៤ឆ្នាំ នៃវិមានឈ្នះ ឈ្នះ ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធលខេមរភូមិន្ទ ជាប្រធានក្រុមការងាររៀបចំពិធី សម្រាប់ព្រឹត្តិការណ៍ខួបលើកទី២៤ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ និងខួបលើកទី០៤ឆ្នាំ នៃវិមានឈ្នះ ឈ្នះ ព្រមទាំងមានការរៀបចំពិព័រណសន្តិភាព នៃកងយោធពលខេមរភូមិន្ទ និងការបាញ់កាំជ្រួចនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២វេលាម៉ោ៧:០០ល្ងាច និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១២:០០ យប់ ព្រមទាំងមានការរៀបចំការប្រគំតន្រ្តីអបអរសាទររយៈពេល០៣ថ្ងៃ សម្រាប់សាធារណៈ ជនចូលរួមកម្សាន្តផងដែរ។

ដោយឡែកនៅទីតាំងវិមានឈ្នះ ឈ្នះ ក្រោមការដឹកនាំផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ ឈ្នះ និងស្រាវជ្រាវប្រវត្តិសាស្រ្តយោធា បានកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធអម ដើម្បីបង្កើនសោភ័ណ្ឌភាពឲ្យកាន់តែស្រស់បំព្រងសម្រាប់ធ្វើការដាក់បង្ហាញក្នុងព្រឹត្តិការណ៍ និងផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយតាមរយៈបណ្ដាញសង្គម ក្នុងទិសដៅលើកម្ពស់គុណតម្លៃនៃសន្តិភាព និងការឯកភាពជាតិពេញលេញ ពិសេសេបញ្ជ្រៀបដល់សាធារណជនយល់ដឹងពីសារសំខាន់នៃសន្តិភាព។ ដោយលែកចំពោះវិមានឈ្នះ ឈ្នះ គិតចាប់ពីឆ្នាំ២០១៩ បានទទួលបដិសណ្ឋារកិច្ច ប្រតិភូជាតិ និងអន្តរជាតិ មកទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ និងពីគ្រប់ក្រសួងស្ថាប័នរដ្ឋ និងឯកជន សិស្សានុសិស្ស អ្នកសិក្សាស្រាវជ្រាវ យុវជន ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ-អន្តរជាតិ ផងដែរ។

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ព្រឹត្តិការណ៍ទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ត្រូវបានរាជរដ្ឋាភិបាល បានចេញសារាចរណែនាំបញ្ចូលក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ដែលនេះបង្ហាញពីភាពចាំបាច់ក្នុងការរៀបចំឡើងនូវព្រឹត្តិការណ៍ដើម្បីរំឮកដល់ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម ទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញដោយនយោបាយឈ្នះ ឈ្នះ ក្នុងទិសដៅបង្កើនស្មារតីស្រលាញ់សន្តិភាព និងបណ្ដុះឆន្ទៈដល់សាធារណជនចូលរួមក្នុងការការពារ ថែរក្សាសន្តិភាពជានិរន្តន៍នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង