គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ផ្តល់សម្ភារៈសង្រ្គោះក្រោមទឹក ដល់បញ្ជាការដ្ឋានកងទ័ពពិសេស
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្តល់សម្ភារៈសង្រ្គោះក្រោមទឹក ជូនដល់បញ្ជាការដ្ឋានកងទ័ពពិសេស សម្រាប់ធ្វើប្រតិបត្តិការជួយសង្រ្គោះដល់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិជាយថាហេតុណាមួយ។
កម្មវិធីផ្តល់ និងទទួលនូវសម្ភារៈនេះគឺបានធ្វើឡើងក្រោមអធិបតីភាព លោក ហង្ស សាមឿន អនុប្រធាន គ.ជ.គ.ម. និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ថ្លែងក្នុងឱកាសផ្តល់ និងទទួលនូវសម្ភារៈនោះ ឧត្តមសេនីយ៍ឯក ចាប ភក្តី បានថ្លែងអរគុណចំពោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើសមរភូមិសង្គោះគ្រោះមហន្តរាយ ហើយតែងតែយកចិត្តទុកដាក់គិតគូរ និងបានផ្តល់សំភារៈសង្រ្គោះ ដល់បញ្ជាការដ្ឋានជារៀងរហូតមក។
លោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើងពីសកម្មភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានព្រមទាំងការចូលរួមរបស់ស្ថាប័នអង្គភាព អង្គការ សមាគម និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសក្នុងពេលកន្លងមក។ លោកឧត្តមសេនីយ៍ឯក ចាប ភក្តី បានបញ្ជាក់ដែរថា ការជួយឧត្ថម្ភដល់បញ្ជាការដា្ឋនទ័ពពិសេស នាពេលនេះគឺជាកាយវិការប្រកបដោយសប្បុរសធម៌ និងជាគុណូបការៈ ហើយក៏ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការត្រៀមបង្ការ សង្រ្គោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។
នៅក្នុងពិធីនោះដែរលោក ហង្ស សាមឿន ក្នុងនាម ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ឯកឧត្តម បានវាយតំលៃខ្ពស់ និងកោតសសើរ ដល់បញ្ជាការដ្ធានទ័ពពិសេស ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយ នាពេលកន្លងមក។
លោកបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណា នោះទេ ហើយជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា គ្រប់ពេលវេលា ព្រមទាំងថែរក្សាសន្តិភាពអោយបានយូរអង្វែងជូនប្រជាពលរដ្ឋទាំងមូលផងដែរ។
លោកបានបន្ថែមថា ការបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស នាពេលនេះ គឺជាការគិតគូរមួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងសមត្ថភាពក្រុមការងារ ជួយសង្គ្រោះពេលហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗទាំងលើគោក លើទឹក និងលើអាកាសជាដើម ៕ សំរិត