ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាការពារនៅរាជធានីភ្នំពេញ នឹងត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មិនថានៅពេលនេះ ឬថ្នាក់ដឹកនាំនៅជំនន់ក្រោយៗទៀតនោះទេ

36

ភ្នំពេញ៖ ប្រជាការពារត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មិនថាថ្នាក់ដឹកនាំនៅពេលនេះឬថ្នាក់ដាក់នាំនៅជំនន់ក្រោយៗទៀតនោះទេ ដោយសារតែប្រជាការពារទាំង១៤ខណ្ឌបានលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ផ្តល់ឱកាសអោយប្រជាពលរដ្ឋអាចរកស៊ីទទួលទានបាន និងដើរលេងកំសាន្តដោយសប្បាយរីករាយ មិនមានការព្រួយបារម្ភ។
នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយជូនកងកម្លាំងប្រជាការពាររបស់រាជធានីភ្នំពេញចំនួនជាង៧០០នាក់នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៣០ធ្នូឆ្នាំ២០២២នេះ។
លោកហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងថា ប្រជាការពារនៅរាជធានីភ្នំពេញ បានលះបង់នូវកម្លាំងកាយ ចិត្តមិនខ្លាចនឿយហត់ឡើយ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា ប្រជាការពារការទាំងអស់ សម្រាប់ថ្នាក់ដឹកនាំ នៅពេលនេះឬថ្នាក់ដាក់នាំនៅជំនន់ក្រោយៗទៀត គឺនៅតែគាំទ្រនិងលើកទឹកចិត្តបងៗ ពូៗរហូត ដោយសារតែ បងៗនិងពូៗទាំងអស់នេះហើយជាអ្នកលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បី
ការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងជាអ្នកផ្តល់ឱកាសអោយប្រជាពលរដ្ឋអាចរកស៊ីទទួលទានបាន និងការដើរលេងកំសាន្តដោយភាពសប្បាយរីករាយ មិនមានការព្រួយបារម្ភ។ ជាក់ស្តែង ខណៈរាជធានីភ្នំពេញកំពុងប្រឈមមុខនិងការរីករាលជាលជម្ងឺកូវីដ-១៩ កិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំធំៗមួយចំនួនទៀត នាពេលកន្លងមកនេះ បងៗនិងពូៗ ជាប្រជាការពារ បានលះបង់អស់កម្លាំងកាតចិត្ត ដើម្បីការពារ សុខមាលភាពជូនប្រជាពលរដ្ឋនិងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រតិភូ ។
លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងដែរថា ការសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនប្រជាការពាររបស់លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានាពេលនេះ គឺពិតជាការ
បង្ហាញឲ្យឃើញអំពីមនោសញ្ជេតនាស្រឡាញ់រាប់អាន ការផ្ដល់តម្លៃនិងការគិតគូរជាប្រចាំសម្រាប់បងប្អូនប្រជាការពារនៅរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានបន្តទៀតថា ប្រជាការពារជាកម្លាំងស្ម័គ្រចិត្តដើម្បីរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ។ កម្លាំងប្រជាការពារជាជំនួយការការងារយ៉ាងសំខាន់របស់អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទៅលើការងារមួយចំនួនដូចជាការងារសម្រួលចរាចរណ៍ ការសំអាតអនាម័យបរិស្ថានជាមួយនឹងការងារសង្គ្រោះបឯមជាដើម ។
បន្ថែមពីលើនេះទៀត ប្រជាការពារ ក៏ជាអ្នកប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតធ្វើអោយប្រទេសកម្ពុជា បើកដំណើរការសេដ្ឋកិច្ចជាប្រក្រតីឡើងវិញ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា អំណោយដែលផ្តល់ជូនប្រជាការពារទាំងជាង៧០០នាក់នេះ ជាអំណោយរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុងម្នាក់ៗទទួលបាន
អង្ក មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយនិងថវិកាចំនួន៥ម៉ឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង