ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំនេះទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានរហូតដល់ ១៤ ៥០០លានដុល្លារកើន ១៩% ជាមួយការរំពឹងនាំចេញទៅចិនកាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

29

(កំពត)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងបានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ១៩ភាគរយ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានបង្ហាញនូវក្តីរំពឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់មិត្តចិន នឹងមានកំណើនកាន់តែច្រើនថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២កន្លងមក។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ឆ្នាំនេះចំនួនតួលេខនៃទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់១៩ភាគរយ ហើយនៅពេលខាងមុខ ខ្ញុំជឿថាយើងនឹងមានសមត្ថភាព ដើម្បីនឹងនាំទំនិញចូលទៅកាន់ទីផ្សារចិនកាន់តែច្រើន តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលមិត្តចិនបានផ្តល់ភាពអនុគ្រោះ សម្រាប់ការនាំទំនិញរបស់កម្ពុជារហូត៩៧.៥៣% ដែលជាកម្រិតខ្ពស់បំផុតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន ជាមួយនឹងប្រទេសដទៃទៀត»។

ទូទៅកម្ពុជា បាននាំចេញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម -ល-។

ខណៈការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏បានចូលជាធរមានផងដែរ នៅដើមខែធ្នូ ឆ្នាំ២០២២។

ការខិតខំប្រឹងប្រែងបង្កើត ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដើម្បីពង្រីកទីផ្សារដល់ទំនិញ និងកសិផលរបស់កម្ពុជា ឲ្យរីកកាន់តែធំ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏កំពុងធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសជាច្រើនទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង