មនុស្សបាត់បង់ជីវិត២៦នាក់ របួសធ្ងន់ស្រាល៥៧នាក់ អគារ ឆេះខូចខាតទាំងស្រុង៣អគារ ក្នុងករណីគ្រោះអគ្គីភ័យឆេះ កាស៊ីណូ ក្រុងប៉ោយប៉ែត
ប៉ោយប៉ែត ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីបើកប្រតិបត្តិការ
រុករក និងសង្គ្រោះអស់រយៈពេល៣៩ម៉ោង នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ អាជ្ញាធរបានបង្ហាញលទ្ធផលផ្លូវការណ៍ សោធនាដកម្មនៃអគ្គីភ័យឆាបឆេះអគារកាស៊ីណូ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមនុស្សបាត់បង់ជីវិត២៦នាក់ ស្រី១៣នាក់ មិនដឹងភេទ១នាក់(ព្រោះសពឆេះសល់តែឆ្អឹង) របួសធ្ងន់ស្រាល៥៧នាក់ អគារ៤ខ្នង ឆេះខូចខាតទាំងស្រុង៣អគារ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គណកម្មធិការគ្រោះមហន្តរាយ និងជំនាញពាក់ព័ន្ធបានប្រកាសលទ្ធផលផ្លូវការណ៍ ប្រតិបត្តិការអន្តរាគមន៍ពន្លត់ និង រុករកអ្នកស្លាប់ អ្នករបួស អ្នកជាប់គាំង ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆេះកាស៊ីណូទ្រង់ទ្រាយធំនៅក្រុងប៉ោយប៉ែត អាជ្ញាធរបានប្រើប្រាស់កម្លាំងសង្គ្រោះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជំនាញពាក់ព័ន្ធសរុប ចំនួន១០០៩នាក់ មកពី១៤អង្គភាព ក្រុមមូលនិធិសង្គ្រោះនិងសមត្ថកិច្ចថៃ២២២នាក់ រថយន្តសង្គ្រោះនិងរថអគ្គីភ័យ៥៨គ្រឿង។
អគារចំនួន៤ ខូចខាតទាំងស្រុង៣អគារ ទំហំនៃការខូចខាតមិនទាន់វាយតម្លៃសរុបជាទឹកប្រាក់បាននៅឡើយទេ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបន្តដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះធ្វើសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងបានពង្រាយកម្លាំងយាមល្បាតការពារទីតាំងកន្លែងកើតដើម្បីរង់ចាំគណកម្មធិការគ្រោះមហន្តរាយ និងអន្តរក្រសួងចុះពិនិត្យ វាយតម្លៃនៃការខូចខាតនៅថ្ងៃស្អែក។
គួររំលឹកថា អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ១១:៤៥នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដេលត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនី ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។
ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន កម្លាំងនគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕