ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី នឹងបិទចរាចរលើកំណាត់មហាវិថីមួយចំនួន ឆ្លងទៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០៧ ខែមករា

113

ភ្នំពេញ៖ ដើម្បីឱ្យការប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នាព្រឹកថ្ងៃទី០៧ ខែមករាឆ្នាំ២០២៣ខាងមុខប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីមួយចំនួនឆ្លងទៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថានៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៦:៣០នាទី គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧០១១៩៧៩~ ០៧០១២០២៣) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីសម្ដេចសុធារស ចាប់ពីស្តុបជលផល ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ២៤០) កំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវ លេខ២៤០) កំណាត់មហាវិថីព្រះសុរាម្រឹត ចាប់ពីនាគបាញ់ទឹក ដល់វិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ ចាប់ពីវិមានឯករាជ្យដល់នាគបាញ់ទឹក និងផ្លូវជុំវិញទីតាំងប្រារព្ធពិធីរហូតដល់ពិធីត្រូវបានបញ្ចប់។

  អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

 

អត្ថបទដែលជាប់ទាក់ទង