ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីឆ្នាំ២០២៣ ក្រសួងបានដាក់ចេញនូវអាទិភាពចំនួន ៨ ចំណុច ដើម្បីឆ្លើយតបនឹង បរិវត្តកម្មការអប់រំ

70

 

ស្វាយរៀង៖ ពិធីបើកបវេសនកាលជានិមិត្តរូប ឆ្នាំសិក្សា២០២២-២០២៣ បានប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន ប្រសូត ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ជាពិសេសគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងធនធានសរុប ក្នុងការដឹកនាំ និងបន្តដំណើរការសាលារៀន ព្រមទាំងការបំពេញការងារដទៃទៀត តាមគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព ជាពិសេសបានបិទបញ្ចប់ឆ្នាំសិក្សា ២០២១-២០២២ ប្រកបដោយសុវត្ថិភាព និងត្រៀមរួចរាល់សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបន្តគាំទ្រ និងបង្កើនថវិកាមូលនិធិដំណើរការសាលារៀនជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២៣ នេះក្រសួងនឹងផ្តល់ការលើកទឹកចិត្តដល់សាលារៀនដែលបាននិងកំពុងអនុវត្តកំណែទម្រង់កម្រិតសាលារៀនបានល្អ ដូចជាការលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព នៃការដឹកនាំនិងគ្រប់គ្រងសាលារៀនការដឹកនាំ ការរៀន និងបង្រៀន ការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្សសហគមន៍ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសាលារៀន ជាដើម។ល។

ចាប់ពីឆ្នាំ២០២៣ ក្រសួងបានដាក់ចេញនូវអាទិភាពចំនួន ៨ ចំណុច ដើម្បីឆ្លើយតបនឹង បរិវត្តកម្មការអប់រំរួមមាន៖ ១)ការបើកដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញ និងការបន្តការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ២)កំណែទម្រង់សាលារៀន ៣) ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនប្រកបដោយគុណភាពកម្រិតខ្ពស់ ៤)ការអប់រំឌីជីថល ៥)ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ៦)ការអភិវឌ្ឍបំណិនសតវត្សទី២១ សម្រាប់យុវជន ៧)ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅឧត្តមសិក្សា និង៨)ការពង្រឹងប្រព័ន្ធអប់រំ និងកសាងសមត្ថភាពស្ថាប័ន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា ការអប់រំប្រកបដោយចីរភាពពិតជាមានសារៈសំខាន់ ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ពេលនេះរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព។

ឯកឧត្តម ហង់ ជួនណារ៉ុន បញ្ជាក់ថា ការដឹកនាំរបស់សម្ដេច ហ៊ុន សែន បានជួយឱ្យប្រជាពលរដ្ឋឆ្លងផុតពីការរីករាលដាលនៃជំងឺកូវីដ១៩ ដោយបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការដោយឥតគិតថ្លៃ។

ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញដល់មន្ត្រីដែលពាក់ព័ន្ធត្រូវចូលរួមពង្រីកការកែទម្រង់តាមសាលារៀន ដើម្បីឱ្យសាលារៀន ទទួលបានស្ដង់ដាមួយដែលមានប្រសិទ្ធភាព សាលារៀនដែលអាចជួយគាំទ្រដល់សិស្ស សាលារៀនដែលជួយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា ដើម្បីអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្លាយជាប្រទេសអភិវឌ្ឍន៍តាមចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង