អភិបាលរាជធានី និងលោកស្រី រួមជាមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលរាជធានីប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១០ ត្រូវនឹងថ្ងៃទី០៤ តុលានៅវត្តមុនីប្រសិទិ្ធវង្ស
ភ្នំពេញ៖លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ជា ស៊ីណា ឃួងស្រេង រួមជាមួយមន្ត្រីក្រោមឱវាទ របស់រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៤ តុលា២០១៨ ត្រូវនឹងថ្ងៃបុណ្យកាន់បិណ្ឌវេនទី១០នេះ បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធពិធីបុណ្យកាន់បិណ្ឌ នៅវត្តមុនីប្រសិទិ្ធវង្ស ស្ថិតសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ជីជូន ជីតា ញាតិកា ទាំង៧សន្តាន ដែលបានបែកកាយ រំលាយដ្ឋានទៅកាន់លោកខាងមុខ។
ពិធីនេះធ្វើឡើងស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយ ប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបជាដើម ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន ដែលបានបែកកាយ រំលាយក្ខន្ធ ទៅកាន់លោកខាងមុខ និងដើម្បីប្រមូលបច្ច័យមួយចំនួន យកមកកសាងវត្តអារាមឲ្យមានការអភិវឌ្ឍន៍ ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងតែអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សនោះ។
គួរបញ្ជាក់ថា ក្នុងពិធីនោះ ក្រៅពីប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបប្រគេនដល់ព្រះសង្ឃ ហើយនោះលោកឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង នូវបានប្រមូលបច្ច័យបានចំនួន ១២លាន៤៧ម៉ឺនរៀលផងដែរ ដើម្បីប្រគេនដល់ព្រះសង្ឃ ដើម្បីកសាងទីអារាមនេះឲ្យកាន់តែមានការអភិវឌ្ឍមួយកម្រិតទៀត។
គួររំលិកថាបុណ្យនេះត្រូវបាន ពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពី ថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ( ចុងខែកញ្ញា និងដើមខែតុលា ) ។ ពុទ្ធសាសនិក ខ្មែរធ្វើ បុណ្យនេះ ដោយការយកទេយ្យទានផ្សេងៗមាន ម្ហូបអាហារ ជាដើម ទៅផ្គត់ផ្គង់ព្រះសង្ឃ នៅក្នុងវត្តដែលកំពុងគង់ចាំវស្សារយៈពេល ១៥ថ្ងៃគត់ ។ ដោយហេតុពុទ្ធសាសនិក មានការមមាញឹក ចំពោះកិច្ចានុកិច្ចប្រចាំថ្ងៃ និងដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់ ទើបគេចែកជាក្រុមៗដាក់វេនគ្នាយក ទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោចខែភទ្រ បទហើយឱ្យឈ្មោះថា វេនទី ១ រហូតដល់វេន ទី ១៤ ។ រយៈពេល១៤ថ្ងៃនេះ ឱ្យឈ្មោះថា បុណ្យ កាន់បិណ្ឌឬបុណ្យដាក់បិណ្ឌ ។ ចំណែកថ្ងៃ ១៥រោច ដែលជាថ្ងៃចុងក្រោយ ពុទ្ធសាសនិកពីគ្រប់វេនទាំងអស់បាន មកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ។ លុះ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុង ក្រោយនេះឱ្យឈ្មោះថា ភ្ជុំបិណ្ឌឬថ្ងៃភ្ជុំបិណ្ឌ ៕