ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារពិភពលោក ៖ កំណើនសេដ្ឋកិច្ចនៅ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែរឹងមាំ ទោះបីជាអសន្តិសុខពិភពលោក មានការកើនឡើងក្តី

211

ទីក្រុងម៉ានីល ៖ យោងតាមរបាយការណ៍សេដ្ឋកិច្ចប្រចាំតំបន់ចុងក្រោយ របស់ធនាគារពិភពលោក នៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៨ បានឲ្យដឹងថា ទោះបីជាបរិយាកាសខាងក្រៅ មានអំណោយផលតិចតួចក្តី ក៏កំណើនសេដ្ឋកិច្ចសម្រាប់ បណ្តាប្រទេសកំពុងអភិវឌ្ឍនៅ ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ត្រូវបានគេព្យាករណ៍ថា នៅតែមានភាពល្អប្រសើរដដែល។ កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេស កំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថានឹងមានចំនួន ៦,៣ភាគរយ នៅក្នុងឆ្នាំ ២០១៨ ទាបជាងក្នុងឆ្នាំ ២០១៧ ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នៅបន្តកើនឡើងក្នុងកម្រិតធម្យម ស្របពេលដែលសេដ្ឋកិច្ចរបស់ខ្លួន កំពុងបន្តមានតុល្យភាពឡើងវិញ។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោកចេញផ្សាយក្នុងខែ តុលា ឆ្នាំ ២០១៨ ដែលមានចំណងជើងថា ភាពមិនប្រាកដនិយមក្នុងដំណើរបត់បែន បានបង្ហាញឲ្យដឹងថា នៅក្នុងប៉ុន្មានខែថ្មីៗនេះ ការកើតឡើងព្រមគ្នានៃភាពតានតឹងផ្នែកពាណិជ្ជកម្ម អត្រាការប្រាក់នៅសហរដ្ឋអាមេរិកកើនឡើងកាន់តែខ្ពស់ ប្រាក់ដុល្លារអាមេរិកកាន់តែល្អប្រសើរជាងមុន និងអស្ថេរភាពនៃទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើន បានបង្កើនឲ្យមានប៉ះពាល់ដល់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់តំបន់នេះ។ ស្របពេលជាមួយគ្នានេះដែរ អតិផរណាបានចាប់ផ្តើមកើនឡើងនៅក្នុងងតំបន់ ជាពិសេស នៅក្នុងប្រទេស មីយ៉ាន់ម៉ារ ហ្វ៊ីលីពិន និងវៀតណាម។

លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា «កំណើនសេដ្ឋកិច្ចដែលមានសភាពរឹងមាំបាននិងកំពុង បន្តក្លាយជាកូនសោរគន្លឹះមួយ សម្រាប់កាត់បន្ថយភាពក្រីក្រនិង ភាពងាយរងគ្រោះនៅក្នុងតំបន់នេះ។ ការការពារនិយមនិងអស្ថេរភាព នៅក្នុងទីផ្សារហិរញ្ញវត្ថុ អាចប៉ះពាល់ដល់លទ្ធភាព ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរយៈពេលមធ្យម ជាមួយនឹងផលវិបាក ធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋក្រីក្រតោកយ៉ាកនិងងាយរងគ្រោះបំផុត។ នេះគឺជាពេលវេលាមួយសម្រាប់អ្នកតាក់តែង គោលនយោបាយនានានៅទូទាំងតំបន់នេះដើម្បីបន្តយ៉ាងប្រុងប្រយ័ត្ន និងបង្កើនការត្រៀមបង្ការនិងភាពធន់នៃប្រទេសរបស់ខ្លួន។»

គេរំពឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង យឺតៗក្នុងកម្រិតមធ្យមដល់ ៦,៥ភាគរយនៅក្នុងឆ្នាំ ២០១៨ បន្ទាប់ពីមានការរីកលូតលាស់លឿនជាងការរំពឹងទុកក្នុងឆ្នាំ ២០១៧។ កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មិនរាប់បញ្ចូលប្រទេសចិន ត្រូវបានគេរំពឹងថា នៅរក្សាបានលំនឹងក្នុងកម្រិត ៥,៣ភាគរយ ចាប់ពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០២០ ដែលកំណើននេះកើនឡើងជាចំបងដោយសារមានតម្រូវការក្នុងស្រុក។ កំណើនរបស់ប្រទេសថៃ និងវៀតណាម ត្រូវបានគេរំពឹងថានឹងមានភាពរឹងមាំនៅក្នុងឆ្នាំ ២០១៨ មុននឹងធ្លាក់ចុះយឺតៗនៅក្នុងឆ្នាំ ២០១៩ និង ២០២០ ដោយសារតែបរិមាណតម្រូវការក្នុងស្រុកដែលរឹងមាំជាងគេនោះ អាចទប់ទល់ទៅនឹង កំណើននាំចេញសុទ្ធដែលមានល្បឿន មធ្យមបានតែមួយផ្នែកប៉ុណ្ណោះ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី គួរតែនៅថេរ ដោយសារតែលទ្ធភាពវិនិយោគនិងការប្រើប្រាស់ជា លក្ខណបុគ្គលមានភាពល្អប្រសើរជាងមុន។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វ៊ីលីពីនក្នុ្ងងឆ្នាំ ២០១៨ នឹងទំនងជាមានសភាពកើនឡើងយឺត ក៏ប៉ុន្តែ ការពង្រីកការវិនិយោគសាធារណៈដែលបានរំពឹងទុក នឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងរយៈពេលមធ្យម។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថានឹងថយចុះ ដោយសារតែកំណើននៃការនាំចេញធ្លាក់ចុះ និងវិនិយោគទុនសាធារណៈ ថយចុះទាបទៅៗ បន្ទាប់ពីមានការលុបចោល គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួនពីរ។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានទំហំសេដ្ឋកិច្ចតូចៗនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៅតែមានភាពរឹងមាំ ក្នុងកម្រិតមធ្យមជាង ៦ភាគរយប្រចាំឆ្នាំ សម្រាប់ប្រទេស កម្ពុជា ឡាវ ម៉ុងហ្គោលី និងមីយ៉ាន់ម៉ារ ក្នុងចន្លោះពីឆ្នាំ ២០១៨ ដល់ ២០២០។ គេរំពឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសទីម័រ នឹងចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីភាពជាប់គាំងនយោបាយត្រូវបានដោះស្រាយ ចំណែកឯសេដ្ឋកិច្ចរបស់ប្រទេស ប៉ាពូញូហ្គីនី ត្រូវបានគេរំពឹងថានឹងងើបឡើងវិញដែរនៅក្នុងឆ្នាំ ២០១៩ ក្រោយពីមានរញ្ជួយដីដ៏ធំកាលពីដើមឆ្នាំនេះ។ កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅលើកោះប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថានឹងនៅថេរ ទោះបីជាប្រទេសទាំងនេះងាយ ទទួលរងនូវផលប៉ះពាល់ដោយសារគ្រោះធម្មជាតិច្រើនក្តី។

ស៊ុឌៀ សេតទី ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក បានមានប្រសាសន៍ថា «ការធ្វើសមាហរណកម្មតំបន់និងពិភពលោក នៃប្រទេសភាគច្រើន នៅក្នុងតំបន់នេះ ជួយពង្រឹងភាពងាយរងគ្រោះរបស់ប្រទេសទាំងនេះ ទៅនឹងផលប៉ះពាល់ពីកត្តាខាងក្រៅ។ ហានិភ័យសំខាន់ៗដែលអាចកើតមានឡើង ចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំដែលកំពុងបន្តកើនឡើង រួមមាន ការកើនឡើងនៃការការពារនិយម កំណើននៃអស្ថិរភាពទីផ្សារហិរញ្ញវត្ថុ និងទំនាក់ទំនងជាមួយភាពងាយរងគ្រោះផ្នែកសារពើពន្ធនិងហិរញ្ញវត្ថុក្នុងស្រុក។» លោក សេតទី បានមានប្រសាសន៍បន្ថែមទៀតថា «នៅក្នុងបរិបទនៃការកើនឡើងហានិភ័យនេះ ប្រទេសកំពុងអភិវឌ្ឍនានានៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ចាំបាច់ត្រូវប្រើប្រាស់នូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ត្រៀមបង្ការ និងគោលការណ៍រចនាសម្ព័ន្ធដែលមាន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅ និងបង្កើនអត្រាកំណើនដែលមានសក្តានុពល។»

របាយការណ៍នេះ បានបង្ហាញអំពីវិធីសាស្ត្រមួយដែលមានបួនផ្នែក សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ា ដើម្បីដោះស្រាយហានិភ័យដែលកំពុងកើតឡើងទាំងនេះ៖
• កាត់បន្ថយភាពងាយរងគ្រោះរយៈពេលខ្លី និងកសាងប្រព័ន្ធការពារគោលនយោបាយ។ គោលនយោបាយនានាដែលពាក់ព័ន្ធនឹងការកាត់បន្ថយ ហានិភ័យផ្នែកហិរញ្ញវត្ថុ អាចជួយដោះស្រាយភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុ កាត់បន្ថយអស្ថិរភាពទីផ្សារមូលធន និងគ្រប់គ្រងការប្រែប្រួលនៃអត្រាប្តូរប្រាក់។ ភាពបត់បែនកាន់តែច្រើនជាងមុននៃអត្រាប្តូរប្រាក់ អាចជួយស្រូបយកនិងសម្របតាមផលប៉ះពាល់ពីកត្តាខាងក្រៅបាន។ គោលនយោបាយសារពើពន្ធដែលតឹងតែងជាងមុន អាចជួយរក្សា ឬកសាងប្រព័ន្ធការពារឡើងវិញដើម្បីទប់ទល់ជាមួយការធ្លាក់ចុះនៅថ្ងៃអនាគត ដោយគ្មានការគំរាមកំហែងដល់និរន្តរភាពនៃបំណុល។
• បង្កើនការធានាដល់ប្រព័ន្ធពាណិជ្ជកម្មនិងវិនិយោគទុនអន្តរជាតិដែល មានលក្ខណបើកចំហនិងផ្អែកលើច្បាប់ជាមូលដ្ឋាន រួមទាំង តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែខ្លាំងជាងមុនទ្វេដង។ ប្រទេសក្នុងតំបន់អាចទទួលបានអត្ថប្រយោជន៍តាមរយៈការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ និងកាត់បន្ថយរនាំងមិនមែនពន្ធគយ។ ការកើនឡើងបន្ថែមទៀតនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម អាចជៀសវាងបានតាមរយៈការងាកទៅរកការចរចាទ្វេភាគី ឬ អង្គការពាណិជ្ជកម្មពិភពលោក។
• ពង្រឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ រួមទាំងការធ្វើ សេរីភាវូបនីយកម្មវិស័យសំខាន់ៗ ការកែលម្អបរិយាកាសពាណិជ្ជកម្ម និងការបង្កើនភាពប្រកួតប្រជែង។ ការរៀបចំប្រតិបត្តិការឲ្យបានល្អរវាង សហគ្រាសខ្នាតតូចនិងមធ្យមជាមួយនឹងក្រុមហ៊ុនធំៗ និងរវាងក្រុមហ៊ុនបរទេសជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ក៏អាចជួយកាត់បន្ថយការបែងចែកធនធានខុសគោលដៅ និងជួយបង្កើតការងារបានផងដែរ។
• ពង្រឹងសន្តិសុខសេដ្ឋកិច្ច និងជំរុញចល័តភាពសេដ្ឋកិច្ច តាមរយៈកម្មវិធីនានាដូចជា ការផ្ទេរប្រាក់តាមគោលដៅ ប្រព័ន្ធធានារ៉ាប់រងសង្គមកិច្ចប្រកបដោយនិរន្តរភាព ការទទួលបានសេវាសុខភាពទារកក្នុងផ្ទៃ និងកុមារតូចឲ្យបានប្រសើរជាងមុន និងធនធានបន្ថែមទៀតសម្រាប់ចូលសិក្សានៅក្នុងតំបន់ដែលក្រីក្រ ដើម្បីកាត់បន្ថយគម្លាតក្នុងការទទួលបាននិងគុណភាពនៃការអប់រំ។
សម្រាប់ប្រទេសនានានៅលើកោះប៉ាស៊ីហ្វិក របាយការណ៍នេះបានសង្កត់ធ្ងន់អំពីតម្រូវការចាំ បាច់ក្នុងការផ្តោតការយកចិត្តទុកដាក់លើការថែរក្សា និរន្តរភាពសារពើពន្ធនិងបំណុល ខណៈដែលកំពុងបន្តពង្រឹងភាពធន់របស់ខ្លួនទៅនឹងគ្រោះមហន្តរាយ។ កិច្ចប្រឹងប្រែងបន្តក្នុងការពង្រឹងគោលនយោបាយបំណុល និងការគ្រប់គ្រងបំណុល ការកែលម្អការគ្រប់គ្រងធនធានធម្មជាតិ និងការបង្កើនគុណភាពនៃចំណាយ នឹងមានសារៈសំខាន់ចំពោះការកែលម្អនិរន្តរភាពបំណុល។ ការកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយនាពេលអនាគត នឹងទាមទារនូវការកសាងប្រព័ន្ធការពារសារពើពន្ធ កែលម្អការត្រៀមបង្ការ គ្រប់គ្រង និងកាត់បន្ថយវិបត្តិ និងពង្រីកយន្តការការពារសង្គមដែលបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង