ក្លឹបអ្នកកាសែតកម្ពុជា និង សមាគមអ្នកកាសែតវៀតណាម ពង្រឹងសហប្រតិបត្តិការរវាងអ្នកកាសែតនៃប្រទេសទាំងពីរ
វៀតណាម៖ក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ មួយជាមួយសមាគមអ្នកកាសែតវៀតណាម (VJA) នៅថ្ងៃពុធទី៤ខែតុលានេះ នៅក្នុងទីក្រុងហាណូយ ស្តីពីការពង្រឹងសហប្រតិបត្តិការរវាងអ្នកកាសែតនៃប្រទេសទាំងពីរ។
ប្រតិភូក្លឹបអ្នកកាសែតកម្ពុជាកំពុងបំពេញទស្សនកិច្ចពីថ្ងៃទី៣ដល់ថ្ងៃទី៦ខែតុលា នៅក្នុងទីក្រុងហាណូយប្រទេសវៀតណាមដើម្បីពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងអ្នកកាសែតនៃប្រទេសជិតខាងទាំងពីរ។ នៅថ្ងៃទី៤ខែតុលានេះ លោក ពុយ គា ដែលជាអគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជា ហើយកំពុងដឹកនាំប្រតិភូអ្នកកាសែតកម្ពុជា នៅក្នុងទីក្រុងហាណូយនោះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីសហប្រតិបត្តិការ នៃសមាគមអ្នកកាសែតទាំងពីរ ជាមួយលោក Ho QUANG LOI អនុប្រធានប្រចាំការនៃសមាគមអ្នកកាសែតវៀតណាម។
ប្រធានប្រតិភូក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានមានប្រសាសន៍នៅមុខសមភាគីថា អ្នកកាសែតកម្ពុជា និងអ្នកកាសែតវៀតណាម មួយចំនួនធ្លាប់បានស្គាល់គ្នាជាលក្ខណៈបុគ្គលហើយ។ ប៉ុន្តែលោកបន្តថា បន្ទាប់ពីការចុះហត្ថលេខាផ្តើមកិច្ចសហប្រតិបត្តិការនេះទៅ ការទំនាក់ទំនងគ្នារវាងអ្នកកាសែតនៃប្រទេសទាំងពីរត្រូវបានដំឡើងដល់ថ្នាក់ស្ថាប័ន ដែលនឹងពង្រីកថែមទៀតនៃសាមគ្គីភាព និងកិច្ចសហការរវាងអ្នកកាសែតទាំងពីរប្រទេស។
លោក ពុយ គា បានបន្ថែមយ៉ាងដូច្នេះថា៖«មិនត្រឹមតែក្នុងក្របខណ្ឌនៃអាជីពសារព័ត៌មាននោះទេ ចាប់ពីពេលនេះទៅសមាគមអ្នកកាសែតទាំងពីរប្រទេស នឹងលើកទឹកចិត្តឲ្យមានការសរសេរអត្ថបទដែល ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ»។
តាមរយៈការចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការនេះ សមាគមអ្នកកាសែតវៀតណាម គឺជាដៃគូទីពីរនៅក្នុងអាស៊ានរបស់ក្លឹបអ្នកកាសែតកម្ពុជា បន្ទាប់ពីក្លឹបអ្នកកាសែតកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ សមាគមអ្នកកាសែតថៃកាលពីឆ្នាំ២០១១។
គួរបញ្ជាក់ផងដែរថា ទាំងក្លិបអ្នកកាសែតកម្ពុជា សមាគមអ្នកកាសែតវៀតណាម និងសមាគមអ្នកកាសែតថៃ សុទ្ធតែជាសមាជិកនៃសហព័ន្ធអ្នកកាសែតអាស៊ាន (Confederation of Asean Journalists)។
ប្រតិភូក្លឹបអ្នកកាសែតកម្ពុជា ដែលកំពុងទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមរួមមាន លោក ពុយ គា ជាអគ្គលេខាធិការ លោក ខៀវ កូឡា ជាសមាជិកគណៈកម្មការនាយក លោក គី សុខលីម ជាទីប្រឹក្សា លោក សំ ប៊ុនណាត និងលោក ប៊ិន ប៊ុនណា ជាសមាជិកសកម្ម៕