ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី អំពាវនាវអោយប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ខណៈកម្មករក្រុមហ៊ុនស៊ីន ទ្រីនឹងត្រូវឈប់សម្រាក ចំនួន៦ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

118

 

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នេះ កម្មករក្រុមហ៊ុនស៊ីន ទ្រីនឹងត្រូវឈប់សម្រាក ចំនួន៦ថ្ងៃ ដូច្នេះដើម្បីរក្សាសោភ័ណ្ឌភាពនិងបរិយាកាសល្អ គ្មានសំរាមគរ នៅតាមផ្លូវនៅក្នុងរាជធានីភ្នំពេញទាំងមូលរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមទុកដាក់ សំរាមឲ្យ បានត្រឹមត្រូវ ។

    លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា  ប្រជាពលរដ្ឋត្រូវទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ដាក់នៅក្នុងធុងសំរាម ឬទុកដាក់នៅក្នុងផ្ទះមួយរយៈសិន ហើយក្រុមអាជីវករលក់ដូរនៅតាមទីសាធារណៈត្រូវមានធុងសំរាមឬថង់ដាក់សំរាម ដោយខ្លួនឯង ដើម្បីជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ។

លោកបន្តថា ការទុកដាក់សម្រាមត្រឹមត្រូវ នឹងលើកកម្ពស់ សោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានសាធារណៈក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុនស៊ិនទ្រីនឹងផ្អាកប្រតិបត្តិប្រមូល និងការដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញចំនួន៦ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ ខែតុលា ដោយសារតែកម្លាំងកម្មករត្រូវឈប់សម្រាកទៅលេងស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌ។

យោងតាមរបាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ បានប៉ាន់ប្រមាណថា ក្នុងមួយថ្ងៃៗក្នុងរាជធានី ភ្នំពេញ មានសំរាមកើនឡើងជាង៣ពាន់តោន ដែលត្រូវដឹកទៅកាន់ទីលានចាក់សំរាមនៅខណ្ឌដង្កោ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង