សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរទិវាគ្រូបង្រៀន
នៅព្រឹកថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលនឹងប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ពិធីនេះនឹងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា , លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្តនានា, អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀត។
នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនព្រឹកនេះ ក៏មានការប្រគល់ពានរង្វាន់ព្រះភារម្យភាសា អ៊ូ ហៅង៉ុយ ដល់លោកគ្រូ អ្នកគ្រូជយលាភី ផ្នែកស្មូត្រកំណាព្យ និងពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត ជូនដល់លោកគ្រូ អ្នកគ្រូជយលាភីផ្នែកតែងនិពន្ធផងដែរ៕
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពីធីនេះនៅម៉ោង ៨:០០នាទីព្រឹក ពីវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ