ការដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្ដោះអាសន្ន មធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា” ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា” ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”។
សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុង ឆានែលតេលេក្រាម (Telegram Channel) ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២˝ តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacIICertificate រួចបំពេញព័ត៌មានចាំបាច់មួយចំនួន ឬអាចទៅទទួលយកដោយផ្ទាល់នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា” ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ព្រមទាំងគណៈគ្រប់គ្រងនៃគ្រប់ គ្រឹះស្ថានអប់រំសាធារណៈនិងឯកជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើ “វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្ដង់ដា- ដែលអាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ការដាក់ឱ្យប្រើវិញ្ញាបនបត្រនេះ គឺជាការវិវឌ្ឍថ្មីមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាជំហានថ្មីក្នុងការជំរុញការធ្វើបរិវត្តកម្ម ឌីជីថលក្នុងក្រសួង ស្ថាប័នរដ្ឋ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា។
សិស្សានុសិស្សអាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយ ពុំចាំបាច់តម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្ដោះអាសន្ន ក្នុងទម្រង់ជាក្រដាស ហើយគ្រឹះស្ថាន ឧត្តមសិក្សាទាំងអស់អាចស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះ តាមរយៈថ្នាលផ្ទៀងផ្ទាត់ ឯកសារ verify.gov.kh។
សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុង ឆានែលតេលេក្រាម (Telegram Channel) ឈ្មោះ “វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២” តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacllCertificate រួចបំពេញព័ត៌មានចាំបាច់មួយចំនួន ឬអាចទៅទទួលយកដោយផ្ទាល់នៅ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត៕