ការធ្វើអនាម័យ សម្អាតបរិស្ថាន បានក្លាយជាប្រធានបទយ៉ាងសំខាន់ ក្នុងកិច្ចការជំរុញវិស័យទេសចរណ៍កាន់តែមានសក្តានុពល
ខេត្តកែប ៖ ជាការពិតណាស់ ការរួមគ្នាធ្វើអនាម័យ សម្អាតបរិស្ថាន នឹងធ្វើឲ្យតំបន់របស់យើងក្លាយជាទីតាំងផ្តល់នូវផាសុកភាព និងមានភាពទាក់ទាញ ហើយការធ្វើអនាម័យក៏ជាគំរូមួយ ដើម្បីជួយដាស់តឿនដល់មហាជនទូទៅឲ្យយល់ពីតម្លៃនៃបរិស្ថានផងដែរ។
យ៉ាងណាមិញដើម្បីកែប្រែសោភ័ណភាពឆ្នេរកែបឱ្យកាន់តែស្រស់បំព្រងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅថ្ងៃទី០៤ខែតុលា ឆ្នាំ២០១៨ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំមន្ត្រីរាជការធ្វើអនាម័យ សម្អាតបរិស្ថាន នៅចំណុចសំខាន់ៗ ពិសេសមាត់ឆ្នេរផ្សារក្តាម និងឆ្នេរលេងទឹក។
ជាមួយគ្នានេះដែរ មហាជនបានលើកឡើងថា រមណីយដ្ឋានឆ្នេរកែប ទម្រាំបានកែប្រែសោភ័ណភាពឲ្យមានភាពស្រស់បំព្រងដូចសព្វថ្ងៃនេះ អាជ្ញាធរក្នុងតំបន់ ពិតជាត្រូវចំណាយពេលវេលា ចំណាយកម្លាំងកាយ ចិត្ត កម្លាំងស្មារតី ពិសេសការចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ទើបប្រែក្លាយជារមណីយដ្ឋានមួយមានឈ្មោះបោះសម្លេង និងល្បីរន្ទឺសុសសាយពេញផ្ទៃប្រទេស និងពិភពលោក។លើសពីនេះថ្វីត្បិតខេត្តកែប បានទទួលជ័យលាភីផ្ការំដួលបីទងពីរឆ្នាំជាប់គ្នាក៏ពិតមែន ប៉ុន្តែគេនៅតែកត់សម្គាល់ឃើញ អាជ្ញាធរនិងជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ខិតខំយកចិត្តទុកដាក់ សហការដើម្បីកែប្រែសោភ័ណភាពជាបន្តបន្ទាប់ ពិសេសការធ្វើអនាម័យ សម្អាតបរិស្ថាននៅគ្រប់ទិសទី ដូចជានៅតាមសួនច្បារសាធារណៈមុខសាលាខេត្ត នៅតាមដងផ្លូវ នៅតាមមាត់ឆ្នេរកម្សាន្តនានា ពិសេសនៅចំណុចទីប្រជុំជនតែម្តង ព្រោះចំណុចខាងលើជាគោលដៅងាយ ប្រឈមនឹងការបោះចោលសំរាមគ្រប់ពេលវេលា ពីសំណាក់ក្រុមអ្នកទេសចរ ហើយកម្រិតបរិមាណសំរាមវានឹងកំណើនឥតឈប់ឈរ ខណៈដែលអាជ្ញាធរឬជំនាញមានភាពព្រងើយកន្តើយនោះ។
កន្លងមកគេតែងតែសង្កេតឃើញប្រជាពលរដ្ឋក៏ដូចជា ភ្ញៀវទេសចរណ៍មួយចំនួនតូច ពួកគេច្រើនតែបោះចោល សំរាមរប៉ាត់រប៉ាយនៅតាមចិញ្ចើមផ្លូវសាធារណៈ ឬតាមដងផ្លូវដែលពួកគាត់បានធ្វើដំណើរឆ្លងកាត់ និងនៅតាមមាត់ឆ្នេរ ហើយការបោះចោលសំរាមពាសវាលពាសកាល បែបនេះដោយសារពួកគាត់ពុំទាន់មានការយល់ដឹងពីបញ្ហាបរិស្ថាននៅឡើយ។ប៉ុន្តែរហូតមកដល់ដំណាក់កាលចុងក្រោយនេះ ពលរដ្ឋគ្រប់វ័យ ក៏ដូចជាស្រទាប់យុវជនពិតជាមានការយល់ដឹងពីបរិស្ថាន គាប់ជួនបច្ចប្បន្នអាជ្ញាធរបានធ្វើការផ្សព្វផ្សាយ យ៉ាងទូលំទូលាយពីកត្តាចម្បងនៃបរិស្ថានធម្មជាតិឬការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ទើបគេបានផ្តោតការយកចិត្តទុកដាក់ពីកត្តាអនាម័យ លើបញ្ហាសំរាម និងកាកសំណល់ ហើយក៏បានប្រែក្លាយទៅជាប្រធានបទដ៏ក្តៅគគុក សម្រាប់ជំរុញឲ្យសាធារណជនបានយល់ដឹង និងជួយសហការ គាំទ្រដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
ផ្តើមចេញពីកិច្ចការធ្វើអនាម័យ សម្អាតបរិស្ថានខាងលើ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប កន្លងមកលោកតែងជំរុញដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ រាល់គ្រប់សកម្មភាពទាំងឡាយដែលកំពុងប្រឈម ពិសេសគឺផ្នែកបរិស្ថានតែម្តង ព្រោះតែខេត្តកែបជាខេត្តទេសចរណ៍ ដ៏ស្រស់ត្រកាលជាប់ឈ្មោះល្បីល្បាញជាច្រើនតំណរ ទើបអាជ្ញាធរត្រូវតែខិតខំ ស្តារនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងសម្រាប់ឆ្លើយតបនឹងតម្រូវការ ដោយមិនអាចធ្វេសប្រហែសបានឡើយ។
ដូច្នេះដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងខេត្តកែប ឲ្យកាន់តែមានសក្តានុពលខ្លាំងក្លាថែមទៀត យើងទាំងអស់គ្នាគប្បីសហការ ជួយថែរក្សាសោភ័ណភាពឆ្នេរកែបឲ្យបានស្រស់ត្រកាលជារៀងរហូត ហើយសូមកុំបោះចោលសំរាម ឬកាកសំណល់ផ្តេសផ្តាស សូមជួយវេចខ្ចប់សំណល់ទាំងឡាយ ដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ៕